ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ អះអាងថា នឹងបន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ បន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងអស់​ និងមិនទុកនរណាម្នាក់ចោលឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ដឹកនាំដោយលោក Muhammad Abdul Muhith  កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោកប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរចំពៅះការរីកចម្រើនដ៏ឆាប់រហ័ស​ នៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តមួយចំនួន  គណៈប្រតិភូបានកត់សម្គាល់ពីវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រី និងយុវជននៅតាមសហគមន៍មូលដ្ឋាន។

ជាការឆ្លើយតប សម្ដេចធិបតីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅកម្ពុជា ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព នៅកម្ពុជា។

សម្ដេចបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ក៏បានផ្ដល់នូវទស្សនទាន​ និង​ការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូ អំពីគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជា​ និងវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។

ជាមួយគ្នានោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹង និងពង្រីកភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ លើវិស័យសំខាន់ៗផងដែរ រួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល​ ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់​ស្រ្តី និងយុវជន ជាដើម៕