លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ដល់វិស័យឯកជននៃប្រទេសអ៊ុយក្រែនថាអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមានច្បាប់ដែលមានលក្ខណៈបើកទូលាយ និងលើកទឹកចិត្តអ្នកវិនិយោគ។
ការលើកឡើងបែបនេះរបស់លោក ឌិត ទីណា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
លោក ឌិត ទីណា បានឱ្យដឹងថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យវិស័យឯកជនអាចមានលទ្ធភាពធ្វើកសិ-ពាណិជ្ជកម្មជាមួយគ្នា ព្រមទាំងទទួលបានផលចំនេញទាំងអស់គ្នា។
លោកបន្តថា ក្រសួងស្វាគមន៍ចំពោះការវិនិយោគលើឃ្លាំងស្តុកសម្រាប់ការធ្វើកសិ-ពាណិជ្ជកម្ម ដែលការងារនេះអាចសហការជាមួយវិស័យឯកជន ដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជា ឈានពង្រីកទីផ្សារនាំចេញរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការងារវិនិយោគធាតុចូលកសិកម្ម លោក ឌិត ទីណា បានបញ្ជាក់ថា វិស័យឯកជននៃប្រទេសអ៊ុយក្រែនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមានច្បាប់ដែលមានលក្ខណៈបើកទូលាយ និងលើកទឹកចិត្តអ្នកវិនិយោគ។
យ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា អ្នកវិនិយោគត្រូវគោរពតាមគោលការណ៍ច្បាប់បទដ្ឋានត្រឹមត្រូវ ខណៈផលិតផលទាមទារឱ្យមានការពិនិត្យច្បាស់លាស់ពីអ្នកជំនាញ មានគុណភាពល្អ មានតម្លៃសមរម្យ និងមានបច្ចេកទេសពិតប្រាកដ៕