ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងឧស្សាហកម្ម ពង្រឹងកិច្ចសហការ ដើម្បីពន្លឿនវឌ្ឍនភាពវិស័យទឹកស្អាត និងអនាម័យ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ទទួលបន្ទុកវិស័យទឹកស្អាត និងការអភិវឌ្ឍតំបន់ទីក្រុង ដើម្បីពិភាក្សាអំពីការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុង​កិច្ចប្រជុំនេះ លោក Saito បាន​បញ្ជាក់​​ការ​ប្ដេជ្ញា​ចិត្ត​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍ វិស័យ​ទឹកស្អាត និងអនាម័យ។ ផ្អែកលើភាពប្រទាក់គ្នានៃវិស័យទាំងពីរ គណៈប្រតិភូបានសង្កត់ធ្ងន់លើយន្តការប្រមូលចំណូល និងថ្លៃសេវាប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ហិរញ្ញប្បទានដល់សេវាចាំបាច់ទាំងនេះ ពិសេសសេវាគ្រប់គ្រងទឹកកខ្វក់ សំដៅលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន។

ជាមួយគ្នានោះ លោក ហែម វណ្ណឌី បានលើកឡើងពីភាពចាំបាច់នៃការពង្រឹងតួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការត្រៀមដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្ករដោយការប្រែប្រួលអាកាសធាតុមកលើសេវាទាំងនេះ ពិសេសគឺទឹកស្អាត។ ក្រសួងប្តេជ្ញាចូលរួមចំណែកអនុវត្តវិធានការនានា ដែលនឹងលើកកម្ពស់សេវាគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

លោករដ្ឋមន្រ្ដី ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកិច្ចសហការ និងគាំទ្រគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការធានានិរន្តរភាពប្រភពទឹក និងផ្តល់ជំនួយបច្ចេកទេសដល់ប្រតិបត្តិករផ្តល់សេវាទឹកស្អាត។

សូមជម្រាបជូនថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូដ៏ជិតស្និទ្ធមួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ បច្ចុប្បន្ន ធនាគារកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា “គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត” តម្លៃ១១៩លានដុល្លារ និងកំពុងរៀបចំគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF) សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុង ក្នុងទំហំថវិកាប្រមាណ៤០០លានដុល្លារ ដែលរំពឹងថានឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៥៕