តម្រូវការមាសពិភពលោក កើនឡើងលើស ១០០ពាន់លានដុល្លារ ជាលើកដំបូង នៅត្រីមាសទី៣

អន្តរជាតិ

យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) បានបង្ហាញឲ្យដឹងថា តម្រូវការមាសសកលបានកើនឡើងលើសពី ១០០ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលជាការកើនឡើងខ្ពស់បំផុតលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតជាបន្តបន្ទាប់ នៅចន្លោះខែកក្កដា និងខែកញ្ញា ខណ:ចំនួនមាសសរុបដែលត្រូវបានទិញក្នុងត្រីមាសនេះ បានកើនឡើង ៥% ដល់ចំនួន ១ ៣១៣ តោន បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ការកើនឡើងនៃសកម្មភាពទិញនេះ បានកើតឡើងចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ក៏ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយខ្ពស់ នៅតំបន់មជ្ឈិមបូព៌ា ផងដែរ។

ទន្ទឹមនឹងនេះ លោក Louise Street អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមប្រឹក្សាមាសពិភពលោក បាននិយាយថា៖ “តម្រូវការមាសពីសំណាក់វិនិយោគិន ត្រូវបានលើកទឹកចិត្តដោយការរំពឹងទុកនៃការថយចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក នាពេលអនាគត ហើយក៏កំពុងពិចារណាអំពីតួនាទីរបស់មាស ជាការវិនិយោគដ៏មានសុវត្ថិភាពបំផុត ក្នុងការប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក និងជម្លោះដែលកំពុងកើនឡើងនៅមជ្ឈឹមបូព៌ា”។

មិនតែប៉ុណ្ណោះអ្នកជំនាញខាងផ្នែកឧស្សាហកម្មមាសរូបនេះ បានបន្ថែមឲ្យដឹងទៀតថា កម្រិតតម្រូវការមាសកើនឡើងពីសំណាក់ពាណិជ្ជកររបស់ប្រទេសលោកខាងលិច បានប៉ះប៉ូវដល់ការធ្លាក់ចុះនៃការលក់នាពេលថ្មីៗនេះ នៅក្នុងតំបន់អាស៊ី ផងដែរ៕