រុស្ស៊ី​ ផាកពិន័យ​ក្រុមហ៊ុន Google ជាទឹក​ប្រាក់​ច្រើន​ជាងទំហំសេដ្ឋកិច្ចពិភពលោកទាំងមូល

អន្តរជាតិ

តុលាការរុស្សី កាលពីពេលថ្មីៗនេះ បានផាកពិន័យក្រុមហ៊ុន Google នៅក្នុងទំហំទឹកប្រាក់ដល់ទៅ ២០ដេស៊ីលានដុល្លារ (សូន្យ៣៣ដង) សម្រាប់ការរឹតបន្តឹងបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី នៅលើ YouTube ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីត្បិតតែជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារច្រើនជាងគេលើពិភពលោកក៏ដោយ ប៉ុន្តែតាមរយ:ការផាកពិន័យនេះ ហាក់មានចំនួនច្រើនជាងឆ្ងាយ បើធៀបទៅនឹងតម្លៃរបស់ក្រុមហ៊ុន Google ដែលមានត្រឹមតែជាង ២ទ្រីលានដុល្លារ។

មិនតែប៉ុណ្ណោះ ចំនួនទឹកប្រាក់ពិន័យនេះ ក៏មានទំហំធំជាង GDP សរុបរបស់ពិភពលោកជាច្រើនដងផងដែរ។ តាមទិន្នន័យចេញដោយមូលនិធិរូបិយវត្ថុអន្តរជាតិ បានប៉ាន់ប្រមាណថាបច្ចុប្បន្នសេដ្ឋកិច្ចពិភពលោក មានចំនួនត្រឹម ១១០ទ្រីលានដុល្លារ ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ បើតាមមេធាវី Ivan Morozov បានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុន Google មិនបង់ពិន័យរយៈពេល៩ខែ ចំនួនពិន័យនឹងកើនឡើងជារៀងរាល់ថ្ងៃ ហើយក្រុមហ៊ុន Google នឹងមិនអាចបន្តឈរជើងរកស៊ីនៅរុស្ស៊ីបានទៀតទេ ប្រសិនបើពួកគេមិនព្រមបង់ប្រាក់ពិន័យនោះ។

ជម្រាបជូនថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RBC រាយការណ៍ថា ការផាកពិន័យនៅលើក្រុមហ៊ុន Google នេះ គឺទាក់ទងនឹងការលុបមាតិការបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំនួន ១៧ ចេញពីបណ្តាញសង្គម YouTube៕