លោក Michael Jordan ដែលត្រូវបានគេស្គាល់ថា ជាតារាបាល់បោះមានឈ្មោះបោះសំឡេងបំផុតលើពិភពលោក និងក៏ជាអ្នកនិយមសម្ភារៈប្រណីតថ្លៃៗនោះ ថ្មីៗនេះបានទិញនូវយន្តហោះឯកជនម៉ូឌែល Gulfstream ថ្មីស្រឡាងមួយគ្រឿងតម្លៃ ៧០លានដុល្លារ តែលោកមិនចង់បានពណ៌ដើមចេញពីក្រុមហ៊ុន ក៏សម្រេចឲ្យគេបាញ់ថ្នាំពណ៌ថ្មី អស់ប្រាក់ដល់ទៅ ៥០០ ០០០ដុល្លារ។
យ៉ាងណា ការចំណាយប៉ុននេះមិនមែនអីជាបញ្ហាសម្រាប់ Jordan ដ្បិតរូបលោកក៏ជាអត្តពលិកអាជីពម្នាក់ ក្នុងចំណោមអត្តពលិកដ៏ទៃផ្សេងទៀត ដែលមានទ្រព្យច្រើនបំផុតនៅលើពិភពផងដែរ។ តាមការឲ្យដឹងពី Luxury Launches នៅពីក្រោយទ្រព្យសម្បត្តិរបស់លោក គឺមានការចុះកិច្ចព្រមព្រៀងឧបត្ថម្ភដ៏ធំជាមួយក្រុមហ៊ុន Nike ខណៈទ្រព្យសម្បត្តិរបស់កីឡាកររូបនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ៣,៥ពាន់លានដុល្លារ។
ដោយឡែក ងាកមកចាប់អារម្មណ៍យន្តហោះរបស់កំពូលតារាបាល់បោះរូបនេះវិញ មានឈ្មោះថា Gulfstream G650ER ដែលមានភាពប្រណីត អាចហោះបានរយៈចម្ងាយឆ្ងាយ គឺជាយន្តហោះដ៏មានកិត្យានុភាព និងមានសមត្ថភាពបំផុតក្នុងពិភពលោក រចនាឡើងមកគិតគូយ៉ាងពិសេសដល់អ្នកដំណើរឲ្យមាននូវផាសុកភាព។ វាអាចធ្វើដំណើរពីទីក្រុងដូចជា New York ទៅ Hong Kong ឬពី Los Angeles ទៅ Sydney ដោយមិនចាំបាច់ឈប់ចុះចតផងដែរ។
សូមជម្រាបថា យន្តហោះម៉ូឌែល Gulfstream G650ER ហាក់មានភាពពេញនិយមខ្លាំងពីសំណាក់សហគ្រិនអាមេរិក ជាពិសេសមហាសេដ្ឋីល្បីៗលំដាប់ពិភពលោកដូចជា លោក Elon Musk, Jeff Bezos, Sergey Brin និង Larry Page ក៏មានម្នាក់មួយគ្រឿងផងដែរ៕