មានរឿងអីអញ្ចេះ! បានជាឥណ្ឌូណេស៊ី ហាមមិនឲ្យ Apple និង Google លក់ទូរសព្ទក្នុងប្រទេសខ្លួនទៀត

អន្តរជាតិ

បន្ទាប់ពីហាមប្រាមមិនឲ្យក្រុមហ៊ុន Apple លក់ទូរសព្ទស៊េរីថ្មី iPhone 16 ឥណ្ឌូណេស៊ី នាថ្ងៃទី១ ខែវិច្ឆិកានេះ កំពុងបន្តហាមឃាត់ការលក់ទូរសព្ទរបស់ក្រុមហ៊ុន Alphabet បន្ថែមទៀត ព្រោះតែក្រុមហ៊ុនទាំងពីរមានហេតុផលដូចគ្នា ពោលមិនបានប្រើប្រាស់គ្រឿងបង្គុំ ដែលផលិតក្នុងស្រុករបស់ខ្លួនតាមការកំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានបំបិទការលក់ទូរសព្ទ Google Pixel ដោយផ្អែកថាក្រុមហ៊ុនមិនបានអនុវត្តតាមច្បាប់ ដែលតម្រូវឲ្យក្រុមហ៊ុន ធ្វើយ៉ាងណាបំពាក់គ្រឿងបង្គុំឲ្យបានយ៉ាងហោចណាស់៤០% នៃគ្រឿងបង្គុំផលិតក្នុងប្រទេសឥណ្ឌូណេស៊ី។

គួរឲ្យដឹងថា ការបំបិទដូច្នេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី បានចាត់វិធានការនេះដូចគ្នាចំពោះការលក់ទូរសព្ទ iPhone 16 របស់ក្រុមហ៊ុន Apple ដែលមិនបានគោរពទៅតាមច្បាប់របស់ប្រទេស។

សូមជម្រាបបន្ថែមថា បើតាមការស្រាវជ្រាវពី IDC ទាំង Google ក្តីនិងទាំង Apple ក្តីមិនមែនស្ថិតនៅក្នុងចំណោមកំពូលអ្នកផលិតស្មាតហ្វូននៅឥណ្ឌូណេស៊ីនោះទេ ដោយក្រុមហ៊ុនជាប់ឈ្មោះកំពូល នៅត្រីមាសដំបូងឆ្នាំ២០២៤ គឺជាក្រុមហ៊ុនរបស់ចិន Oppo និងក្រុមហ៊ុន Samsung មកពីកូរ៉េខាងត្បូង៕