ប្រទេសថៃ មានតម្រូវការមាសសម្រាប់ប្រើប្រាស់កើនឡើងដល់ ១៤,៥ តោន ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមប្រទេសអាស៊ានផ្សេងទៀត គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបានកើនឡើង ១១% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រុមប្រឹក្សាមាសពិភពលោក (WGC)។
ទីផ្សារមាសនៅក្នុងប្រទេសថៃ នៅតែបានបង្ហាញពីកំណើន និងភាពធន់របស់ខ្លួន ខណ:តម្រូវការមាសដុំ និងកាក់មាស បានកើនឡើង ១៥% ដល់ ១២,១ តោន ក្នុងត្រីមាសទី៣ នេះ ដែលជាចំនួនខ្ពស់បំផុត នៅក្នុងតំបន់ និងជាការកើនឡើងសម្រាប់ពីរត្រីមាសជាប់ៗ។
គួរឲ្យដឹងថា កំណើននេះត្រូវបានឆ្លុះបញ្ចាំងនៅលើមាត្រដ្ឋានតម្រូវការមាសពិភពលោក ខណ:ពេលដែលតម្រូវការមាសសរុបបានកើនឡើង ៥% ដល់ចំនួនសរុប ១ ៣១៣ តោន ដែលជាកំណត់ត្រាថ្មីមួយក្នុងត្រីមាសទីបី ជាមួយនឹងតម្រូវការសរុបលើសពី ១០០ពាន់លានដុល្លារ ជាលើកដំបូង។
ទន្ទឹមនឹងនេះ យោងតាមលោក Shaokai Fan ប្រធានធនាគារកណ្តាលអាស៊ីប៉ាស៊ីហ្វិក និងជាប្រធានធនាគារកណ្តាលពិភពលោក ប្រចាំនៅក្នុងក្រុមប្រឹក្សាមាសពិភពលោក បានពន្យល់ថាតម្រូវកាមាសសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃ មានភាពធន់ខ្លាំង ដោយមួយផ្នែកត្រូវបានជំរុញដោយការប្រកាសនៃកម្មវិធីចែកលុយឌីជីថលរបស់រដ្ឋាភិបាល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចក្នុងស្រុក៕