អ្នកឧកញ៉ា ហាន់ ឃៀង អនុប្រធានសមាគមឧកញ៉ាកម្ពុជា នឹងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុដែលមានសមាសភាពដូចជា អ្នកឧកញ៉ា លី សាំងឡេង អ្នកឧកញ៉ា ស៊ី ម៉េងឃៀង ជំទាវឧកញ៉ា កង លាប និង លោក ម៉ៅ សុទ្ធីវឌ្ឍ ដើម្បីចូលរួមអមដំណើរ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រទេសចំនួន៦ រួមមាន ចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម នៃមហាអនុតំបន់ ទន្លេមេគង្គ បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គដោយសំណល់ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់ប្រជាជន និងជីវៈចម្រុះទាំងនៅក្នុងទឹក និងលើគោក ក៏ដូចជាផ្នែកសេដ្ឋកិច្ច។
តាមសេចក្តីថ្លែងការណ៍រួម ក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រីបរិស្ថាន និងអនុរដ្ឋមន្ត្រីមកពីប្រទេសទាំង៦នៃមហាអនុតំបន់មេគង្គ (GMS) បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានថ្មីរយៈពេល៥ឆ្នាំ ដែលរួមមានសំណើសម្រាប់ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្តដែលមានតម្លៃជាង ១.០០០លានដុល្លារអាម៉េរិកដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់។
ក្របខ័ណ្ឌយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ (GMS)២០៣០ថ្មីសម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថានមានប្រធានបទអាទិភាពចំនួនបួន៖ ១. ការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី, ២. គាំទ្រការផ្លាស់ប្តូរកាបូនទាបដែលត្រឹមត្រូវ និងរួមបញ្ចូល, ៣. ជំរុញសេដ្ឋកិច្ចបៃតង និងការពង្រឹងវិធានការត្រួតពិនិត្យការបំពុល, និង ៤. ការដាក់ចេញដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់ការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។
សូមជម្រាបថា អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ក៏កំពុងនឹងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលមានសមាសភាពដូចជា អ្នកឧកញ៉ា ហ៊ុន ឡាក់ ជំទាវអ្នកឧកញ៉ា គួន ធីតា និង ឧកញ៉ា លាង ពៅ ដើម្បីចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសាធារណរដ្ឋបារាំង សាធារណរដ្ឋឆែក និងចក្រភពអង់គ្លេស ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ៕