ក្រសួងសេដ្ឋកិច្ច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បានបើកវេទិការួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ឆ្នាំ២០២៤ សំដៅចូលរួមជំរុញ ពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែខ្លាំងថែមទៀត។
វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ធ្វើឡើងក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាព្រមទាំងភាគីពាក់ព័ន្ធ។
កម្មវិធីនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសង្ខេបនូវសមិទ្ធិផលនានាក្រោមកិច្ចសហប្រតិបត្តិការកន្លងមក ក៏ដូចជាស្វែងយល់អំពីសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងកម្ពុជានិងចិន លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានរំពឹងថានឹងឈានទៅរកភាពជោគជ័យបន្ថែមទៀតក្នុងយុគសម័យថ្មីនេះ។
កម្មវិធីនេះ ក៏បានចូលរួមជំរុញពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការបង្កើនផលិតភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាពការងារ ឱ្យស្របតាមក្របខណ្ឌគោលនយោបាយគាំទ្រលើវិស័យបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់រួមមាន ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ជាដើម។
នាឱកាសនោះ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ពាក់ព័ន្ធកិច្ចការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការត្រៀមខ្លួនក្នុងយុគសម័យថ្មី ពិសេសក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការវិនិយោគឯកជន និងសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។
ទន្ទឹមគ្នានេះ លោកថា ដើម្បីលើកកម្ពស់បច្ចេកវិទ្យា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺបានដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលបានអនុញ្ញាតឱ្យវិនិយោគិនចុះបញ្ជីគម្រោងវិនិយោគ គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអនឡាញផងដែរ៕ អត្ថបទ៖ ហ្សាលីន