គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចលទ្ធផលស្ទើរ១០០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច)  សម្រេចលទ្ធផលស្ទើរ១០០%ហើយ ដែលមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល និងឆាប់រហ័ស។នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីភាពធន់មាំ ធំទូលាយ ខ្សែផ្លូវជាតិលេខ៣១ ក៏មានសម្រស់ស្រស់សស្អាត អមដោយស្រែស្រូវចម្ការប្រជាពលរដ្ឋ និងរុក្ខជាតិបៃតងត្រជាក់ភ្នែកផងដែរ។

ក្រសួងបន្តថា មកទល់ពេលនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចលទ្ធផលស្ទើរ១០០%ហើយ ដែលមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល និងឆាប់រហ័ស។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងតែបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕