គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រដែលមានប្រភពវិនិយោគពីចិនក្នុងទុនរង្វង់ជាង ៩ពាន់ប៊ីលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ កម្ពុជាមានរោងចក្រដែលមានប្រភពវិនិយោគពីសាធារណ​រដ្ឋប្រជាមានិតចិនចំនួន ១.២៧៣  ក្នុងទំហំទុនវិនិយោគចំនួន ៩,០៨៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងនៅក្នុងជំនួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា៖ “កម្ពុជា និង​មិត្តចិន​មាន​ទំនាក់ទំនង​មិត្តភាព​ដ៏រឹងមាំ និង​យូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា ​គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។”

លោកបានបន្ថែមថា៖ “ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាលឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

លោកបន្តទៀតថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។”

ជាមួយគ្នានោះ លោក វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។

ក្នុងនោះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% ដែលនេះបញ្ជាក់ថា ប្រទេសចិននៅតែជាប្រទេសស្ថិតលេខរៀងទី១ ក្នុងការបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា៕