ប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី កំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការហោះហើរត្រង់ ដែលក្នុងនោះរួមមានជើងហោះហើរត្រង់រវាងកោះបាលីនិងខេត្តសៀមរាប។
កិច្ចសហប្រតិបត្តិការនេះ បានត្រូវលើកឡើងនៅក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកបណ្ឌិត សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។
ជំនួបទ្វេភាគីនេះ បានបញ្ចប់ដោយភាតរភាពនិងផ្លែផ្កា ដែលទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ដូចខាងក្រោម៖
១)- ឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី។
២)- ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism)។
៣) – សហការរួមគ្នាជំរុញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បង្កើតជើងហោះហើរត្រង់រវាងកោះបាលី និងខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងភ្ញៀវទេសចរ។
៤)- ពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចការងារដកស្រង់បទពិសោធរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី រួមទាំងការរៀបចំការធ្វើ FAM Trip ដោយមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច៕