យោងតាមភ្នាក់ងារការពារទិន្នន័យរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីពេលថ្មីៗនេះថា កូរ៉េខាងត្បូង បានបញ្ជាឲ្យ Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook បង់ប្រាក់ពិន័យចំនួន ២១,៦ពាន់លានវ៉ុន (១៥,៦លានដុល្លារ) បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុនអាមេរិកនេះ បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ប្រគល់ទៅឲ្យអ្នកផ្សាយពាណិជ្ជកម្ម ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក ទទួលបានព័ត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ Facebook នៅកូរ៉េខាងត្បូង ប្រហែល ៩៨ ម៉ឺនគណនី តាមរយ:ព័ត៌មានសំខាន់ៗរបស់ពួកគេដូចជាសាសនា ទស្សនៈនយោបាយ និងផ្លូវភេទ ដោយមិនទទួលបានការយល់ព្រមពីអ្នកប្រើប្រាស់ជាមុននោះឡើយ។
ប្រភពដដែលនេះ បានបញ្ជាក់ឲ្យដឹងថា ព័ត៌មានផ្ទាល់ខ្លួនទាំងនោះ ត្រូវបានរកឃើញយកទៅប្រើប្រាស់ដោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្មប្រហែល ៤ ០០០ ស្ថាប័នឯណោះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Meta ត្រូវបានគេរកឃើញទៀតថា បានវិភាគលើទិន្នន័យអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ដូចជាទំព័រដែលពួកគេចូលចិត្ត និងការផ្សាយពាណិជ្ជកម្មដែលពួកគេចុចនៅលើ Facebook ហើយបានបង្កើត និងគ្រប់គ្រងប្រធានបទផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងព័ត៌មានរសើបផ្សេងៗ។
គណៈកម្មការ បាននិយាយទៀតថា ក្រុមហ៊ុន Meta ក៏បានបដិសេធដោយអយុត្តិធម៌នូវសំណើរបស់អ្នកប្រើប្រាស់ ក្នុងការចូលទៅប្រើព័ត៌មានផ្ទាល់ខ្លួន និងបានបរាជ័យក្នុងការការពារទិន្នន័យរបស់ពលរដ្ឋកូរ៉េខាងត្បូងប្រហែល ១០ នាក់ ពីការលេចធ្លាយដោយពួក Hacker ថែមទៀតផង៕