ថៃ ត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ទៅនឹងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនថ្មី ក្រោយការបោះបោះឆ្នោត

អន្តរជាតិ

ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) បាននិយាយកាលពីពេលថ្មីៗនេះថា មិនថាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងទៅជាយ៉ាងណានោះទេ ជំហានថ្មីនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនគឺស្ទើរតែជៀសមិនរួច ហើយបានជំរុញឲ្យក្រុមអ្នកធុរកិច្ចថៃ ត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ ពោលគឺអាចនឹងមានការផ្លាស់ប្តូរខ្លាំងទាំងលើមូលដ្ឋានផលិតកម្ម និងការនាំចេញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថាទាំងលោកស្រី Kamala Harris និងលោក ដូណាល់ ត្រាំ ​ សុទ្ធតែបានសន្យាថានឹងដាក់ចេញផែនការដំឡើងពន្ធថ្មី ខណ:ក្រុមធុរកិច្ចថៃត្រូវតែត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតមានឡើង នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងក្លាឡើង។

ទន្ទឹមនឹងនេះ ប្រធាន TNSC លោក Chaicharn Charoensuk បាននិយាយថា ៖”មិនថាអ្នកណាក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីនោះទេ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន នឹងបង្កឲ្យមានបញ្ហាប្រឈមថ្មីសម្រាប់អាជីវកម្មថៃ”។ លោកបន្ថែមថា ទាំងសហរដ្ឋអាមេរិក និងចិន សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យោងតាមរបាយការណ៍កន្លងមក បានបង្ហាញឲ្យដឹងថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលទើបឈ្នះឆ្នោត បាននិយាយថា លោកនឹងដំឡើងពន្ធលើការនាំចូលផ្សេងៗ ក៏ដូចជាការដំឡើងពន្ធ ១០០% លើប្រទេសណាក៏ដោយដែលឈប់ភ្ជាប់រូបិយប័ណ្ណរបស់ខ្លួន ទៅនឹងប្រាក់ដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ លោក Chaicharn បាននិយាយថា ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសថៃ ខណៈក្រុមហ៊ុនផលិតទាំងអាមេរិក និងចិន បានផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម និងនាំចេញរបស់ពួកគេ មកកាន់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ដើម្បីគេចចេញពីរបាំងពាណិជ្ជកម្ម។

មិនតែប៉ុណ្ណោះ TNSC ប៉ាន់ប្រមាណថា ការនាំចេញរបស់ប្រទេសថៃក្នុងឆ្នាំ២០២៤ នេះ អាចនឹងកើនឡើងយ៉ាងហោចណាស់ ២% ដោយពឹងផ្អែកទៅលើចំនួននាំចេញសរុបសម្រាប់រយៈពេលប្រាំបួនខែដំបូង ដែលមានចំនួនសរុបប្រមាណ ២២៣ពាន់លានដុល្លារ កើនឡើង ៣,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕