កម្ពុជា រកចំណូលបានជាង ៣៧៦ លានដុល្លារ ពីការនាំចេញអង្ករជាង៥០ម៉ឺនតោន ត្រឹម១០ខែមកនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៥០ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់៣៧៦.៦៣ លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន oknha.news ទទួលបាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥០៧ ០២៩តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣ លានដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមគ្នានេះ អង្ករកម្ពុជា ក៏បាននាំចេញទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១០០ ៩៩៦ តោន គិតជាទឹកប្រាក់ចំនួន ៦៦.៦១ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន៥៧ ៨៩១ តោន គិតជាទឹកប្រាក់ចំនួន ៥១.៦១ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ របាយការណ៍ដដែល បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករក្រអូបចំនួន ៧៣.២១% ប្រភេទអង្ករស ធម្មតា ២១.៧១% អង្ករចំហ៊ុយ ៣.០៤% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.៣០% ។

ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤, ០៣៦, ៣៣៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ នេះបើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា៕