ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី២ (2nd JTIIF)។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ ពីបច្ចុប្បន្នភាពការងារ និងពិភាក្សាអំពីសំណើរបស់ធុរជនអង់គ្លេស ប្រមូលធាតុចូលពីបណ្ដាក្រសួងពាក់ព័ន្ធលើប្រធានបទពន្ធដារ ទីផ្សារមូលបត្របំណុល ទិដ្ឋាការសម្រាប់វិនិយោគិន និងធុរជនបរទេស ការដាក់អនុវត្តន៍ច្បាប់ ដោយមេធាវីបរទេសនៅកម្ពុជា យន្តការកំណត់ទម្រង់ឥណទាន និងកម្រិតអាយុស្របច្បាប់ក្នុងការជាវសារជាតិអាកុល ជាដើម។
វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។
គួររំឭកថា កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស និងរៀបចំវេទិកានេះជាលើកទីមួយ។
សូមជម្រាបថា ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា៕