អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ជាសហគ្រិនឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា ទើបនឹងទទួលបានគោរមងារថ្មីមួយទៀតជា គោរមងារថ្នាក់ខ្ពស់បំផុតលំដាប់ទីពីរគឺ «Dato Sari» ដែលមានតម្លៃស្មើនឹងគោរមងារ «អ្នកឧកញ៉ា» នៅក្នុងប្រទេសឥណ្ឌូនេសុី ពីក្រុមប្រឹក្សារាជវង្ស នៃព្រះរាជាអាត់ជេរ ដារុយសាឡឹម (ATJEH DARU SSALAM) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៩ វិច្ឆិកា ២០២៤ ម្សិលមិញនេះ។
ថ្លែងប្រាប់សារព័ត៌មាន Oknha News នៅក្នុងពិធីបំពាក់គោរមងា និងគ្រឿងឥស្សរិយយស អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត បានឲ្យដឹងថា៖ “គោរមងារ «Dato Sari» នេះមានតម្លៃស្មើនឹងគោរមងារ «អ្នកឧកញ៉ា» នៅក្នុងប្រទេសឥណ្ឌូនេសុី ហើយអាចមានប្រសិទ្ធភាពប្រើប្រាស់បាននៅ ៤ ប្រទេស ផ្សេងទៀតរួមមាន ឥណ្ឌូនេសុី ម៉ាឡេសុី សឹង្ហបុរី និងឥណ្ឌា ដែលនេះជាកំណត់ត្រាថ្មីនិងជាលើកដំបូងមិនធ្លាប់មានពីមុនមកនោះទេសម្រាប់ សហគ្រិនខ្មែរក្នុងប្រទេសកម្ពុជា។”
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ជាអគ្គនាយកក្រុមហ៊ុន ECON Group បានឡើងថ្លែងសុន្ទរកថាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សារាជវង្សនៃព្រះរាជាអាត់ជេរ ដារុយសាឡឹម (ATJEH DARU SSALAM) ប្រទេសឥណ្ឌូនេស៊ី។ លោកបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតស្នាដៃ និងសមិទ្ធិផលថ្មីៗជាច្រើនទៀត ក្នុងន័យរួមចំណែកលើកកម្ពស់មុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការទទួលបានគោរមងារថ្មី លោកក៏បាននឹងកំពុងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើតការងារនិងប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះវិនិយោគិនបរទេស ជាពិសេសឥណ្ឌូនេសុី មើលឃើញពីសក្តានុពល សន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គ្រោងនឹងបោះទុនវិនិយោគបន្ថែមទៀត។
នៅក្នុងពិធីបំពាក់គោរមងា និងគ្រឿងឥស្សរិយយសនេះមានវត្តមានភ្ញៀវអន្តជាតិដែលជាម្ចាស់ក្រុមហ៊ុននិងវិនិយោគិនមកពីបណ្តាប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា អារ៉ាប់ និងសិង្ហបុរី បានជួបជុំពិសារអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសារនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ សុខា ភ្នំពេញ ដើម្បីបង្កើនទំនាក់ទំនងល្អ បង្កើនឱកាសពាណិជ្ជកម្ម និងការវិនិយោគបន្ថែមនៅប្រទេសកម្ពុជាយើង។
គួរជម្រាបជូនដែរថា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ជាអគ្គនាយកក្រុមហ៊ុន ECON Group និងជាសហគ្រិនឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា ក៏ទើបនឹងទទួលបានពានរង្វាន់ឆ្នើមៗចំនួនពីរប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីពេលថ្មីៗនេះដែលក្នុងនោះរួមមាន ពានរង្វាន់ Excellence Brand និងទទួលបានតំណែងជា អនុប្រធាន Asia Pacific TOP Excellence Brand Committee (APC), Asia Pacific នៅប្រទេសម៉ាឡេសុី កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ៕