លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យក្រុមហ៊ុនវេជ្ជសាស្ត្រដ៏ធំរបស់សាធារណរដ្ឋឆែក ឱ្យមកពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនយោគនៅកម្ពុជា នាពេលខាងមុខ។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើដូច្នេះ នៅក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ទស្សនកិច្ចទៅកាន់ក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេរបស់ឆែកមានប្រតិបត្តិការលើផលិតផលឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈដំណើរទស្សនកិច្ចនាឱកាសនេះ ក្រុមហ៊ុន BTL Medical Technologies បានធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា អំពីផលប័ត្រផលិតកម្ម បច្ចេកវិទ្យា កាលានុវត្តភាពវិនិយោគរបស់ខ្លួនប្រមាណជាង៣០ឆ្នាំក្នុងវិស័យវេជ្ជសាស្ត្រ និងពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។
ក្រោយពីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា ដោយហេតុថាក្រៅអំពីសក្ដានុពលសំខាន់ៗជាច្រើន កម្ពុជាក៏ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់ការនាំចេញទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុបផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងថ្ងៃដំណាលគ្នានេះដែរ លោក ស៊ុន ចាន់ថុល ប្រតិភូកម្ពុជា ក៏បានដឹកនាំប្រតិភូកម្ពុជា ទៅទស្សនកិច្ចរោងចក្រផលិតស្រាបៀរ Ferdinand ដែលជារោងចក្រស្រាបៀរក្នុងស្រុករបស់ប្រទេសឆែក ដែលប្រើបច្ចេកទេសបែបប្រពៃណី ត្រូវមានប្រវត្តិបង្កើតឡើងតាំងពីមុនពេលកើតមានឡើងសង្គ្រាមលោកលើកទី១ ដើម្បីទាកទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន