ទ្រព្យសម្បត្តិ Elon Musk បន្តកើនឡើងជាង ៣០០ពាន់ដុល្លារ​ ខណ: Tesla ហក់ដល់តម្លៃ ១ទ្រីលានដុល្លារ

អន្តរជាតិ

ទំនាក់ទំនងដ៏ជិត​ស្និទ្ធបំផុត​រវាងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ជាមួយនឹងប្រធានាធិបតីទើបជាប់ឆ្នោត លោក​ ដូណាល់ ត្រាំ ក្នុងពេលថ្មីៗនេះ ហាក់កំពុងផ្តល់នូវលទ្ធផលវិជ្ជមានយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិកមួយនេះ ដែលរំពឹងថានឹងកាន់តែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ទ្រព្យសម្បត្តិសរុបរបស់លោក Musk ត្រូវបានគេរាយការណ៍ថាបានកើនឡើងលើសពីចំនួន ៣០០ពាន់លានដុល្លារ ជាលើកដំបូង ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ខណ:ដែលធ្វើឲ្យគម្លាតទ្រព្យសម្បត្តិរបស់លោកកើនឡើងដល់ទៅ ៧០ពាន់លានដុល្លារ បើធៀបទៅនឹងប្រធានក្រុមហ៊ុន Orcale លោក Larry Ellison ដែលជា មហាសេដ្ឋីមានបំផុតទីពីរលើកលោក។

ទន្ទឹមនឹងនេះ តម្លៃមូនធនទីផ្សាររបស់ក្រុមហ៊ុន Tesla ក៏បានកើនឡើងលើសពី ១ទ្រីលានដុល្លារ ផងដែរ គិតត្រឹមចុងសប្តាហ៍មុន ស្របពេលការហក់​ឡើងដ៏ខ្ពស់​នេះ ត្រូវបានកើតឡើង ​បន្ទាប់​ពី​ការ​ជាប់ការបោះ​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។

គួរឲ្យដឹងផងដែរថា លោក Musk នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Tesla ដោយកាន់កាប់ភាគហ៊ុនសរុប ១៣ភាគរយ ដែលមានតម្លៃសរុបប្រហែល ១៣០ពាន់លានដុល្លារ។

យ៉ាងណាក៏ដោយ តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ Tesla នៅតែទាបជាង ២៥% នៃតម្លៃភាគហ៊ុនដែលធ្លាប់កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ៤១៥ដុល្លារក្នុងមួយហ៊ុន កាលពីចុងឆ្នាំ២០២១ នៅពេលដែលទ្រព្យសម្បត្តិសរុបរបស់លោក Musk ឡើងដល់ចំនួនប្រហែល ៣២០ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា លោក Musk បានចំណាយទឹកប្រាក់អស់ប្រហែល ១៣០លានដុល្លារ នៅក្នុងការរួមចំណែកសម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ខណ:ពេលដែលម្ចាស់ក្រុមហ៊ុន Tesla ត្រូវបានចាត់ទុកថាជាមនុស្សលេចធ្លោបំផុតម្នាក់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ។