អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញចូលរួមពិធីសម្ពោធរោងចក្រផលិតគ្រឿងអលង្ការ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតផលិត និងបង្គុំគ្រឿងអលង្ការ របស់ក្រុមហ៊ុន Metal Jewelry Cambodia នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រនេះ មានការអញ្ជើញជាអធិបតីភាពពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយតំណាងក្រុមហ៊ុន Metal Jewelry Cambodia, ភ្ញៀវកិត្តិយស និងកម្មករ កម្មការិនីជាច្រើនរូបទៀត។

ក្រុមហ៊ុន Metal Jewelry Cambodia បានទទួលគោលការណ៍អនុញ្ញាតឱ្យវិនិយោគបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈនិងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣។ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Metal Jewelry Cambodia គឺក្រុមហ៊ុន International Metal and Jewelry Co., Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងអលង្ការ និងគ្រឿងលម្អដែលជាម៉ាកល្បី និងប្រណិតរបស់បារាំង (French Luxury Group)។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Metal Jewelry Cambodia ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការរួមបញ្ចូលកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់របស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ៕