Changpeng Zhao ដែលត្រូវបានគេស្គាល់ជាទូទៅថា CZ ថ្មីៗនេះ ត្រូវបានគរាយការណ៍ថា លោកកំពុងទទួលបានការផ្តល់ជូនដើម្បីលក់ចេញភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Binance បន្ទាប់ពីលោកត្រូវបានដោះលែងចេញពីពន្ធនាគារនៅសហរដ្ឋអាមេរិក កាលពីចុងខែកញ្ញា ក្រោយជាប់ទោសអស់រយ:ពេល ៤ខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Zhao មិនបានបង្ហាញពីឈ្មោះ ឬអត្តសញ្ញាណរបស់ភាគី ដែលជាប់អារម្មណ៍នៅក្នុងការទិញយកភាគហ៊ុនដែលខ្លួនមាននៅក្នុងក្រុមហ៊ុន Binance នៅឡើយនោះទេ។
ទន្ទឹមនឹងនេះ ស្ថាបនិកក្រុមហ៊ុន Binance រូបនេះ ក៏បាននិយាយនៅក្នុងបទសម្ភាសជាលើកដំបូង ចាប់តាំងពីត្រូវបានដោះលែងចេញពីពន្ធនាគារអាមេរិក ថា ៖”ខ្ញុំមិនអាចនិយាយបានថា ខ្ញុំនឹងបន្តកាន់កាប់ភាគហ៊ុនក្នុង Binance ជារៀងរហូតឬអត់នោះទេ។ ខ្ញុំរីករាយក្នុងការពិនិត្យមើលរាល់ការផ្តល់ជូន ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលយកសំណើណាមួយនៅឡើយទេ។ ប៉ុន្តែអ្នកដឹងទេថា នៅត្រង់ចំណុចនេះ ខ្ញុំគ្រាន់តែជាម្ចាស់ភាគហ៊ុនធម្មតាម្នាក់ក្នុងក្រុមហ៊ុនប៉ុណ្ណោះ”។
ទ្រព្យសម្បត្តិសរុបរបស់លោក Zhao ត្រូវបានគេប៉ាន់ប្រមាណថាចំនួនមានប្រហែល ៦១ពាន់លានដុល្លារ និងកាន់កាប់ភាគហ៊ុនសរុបដល់ទៅ ៩០% នៅក្នុង Binance ដែលជាក្រុមហ៊ុននេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៧។
ជម្រាបជូនផងដែរថា លោក Zhao ត្រូវបានតុលាការអាមេរិក សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីលោកបានសារភាពកំហុសចំពោះការខកខានក្នុងការអនុវត្តលើការត្រួតពិនិត្យឡើងវិញឲ្យបានគ្រប់គ្រាន់ ដែលបង្ករឲ្យមានការលាងលុយកខ្វក់ នៅលើវេទិកាប្តូររូបិយប័ណ្ណគ្រីបតូរបស់ខ្លួន៕