បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោក មាននូវប្រធានាធិបតីដឹកនាំប្រទេសទី៤៧ហើយ ដោយក្នុងនោះ ត្រូវបានគេដឹងថា មានប្រធានាធិបតីតែ ៥នាក់ប៉ុណ្ណោះដែលមានទ្រព្យច្រើនដាច់គេ និងមានត្រឹមតែ ២នាក់ដែលមានទ្រព្យសម្បត្តិរហូតដល់ទៅខ្ទង់ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
ក្នុងចំណោមនោះ ប្រធានាធិបតីទី៤៥ និងទី៤៧ របស់សហរដ្ឋអាមេរិកគឺលោក ដូណាល់ ត្រាំ ទើបតែជាប់ឆ្នោតថ្មីៗ ក៏ជាមហាសេដ្ឋីមួយរូបផងដែរ។ កាលពីអំឡុងបានជាប់ឆ្នោតជាប្រធានាធិបតីដំបូងនៅឆ្នាំ២០១៧ លោកមានទ្រព្យត្រឹមតែប្រមាណ ៣,៧ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោកនាពេលបច្ចុប្បន្នបានកើនឡើងដល់ទៅចំនួន ៥,៣ពាន់លានដុល្លារ ជាមួយនឹងប្រភពចំណូលគឺបានមកពីការវិនិយោគលើអចលនទ្រព្យ និងក្រុមហ៊ុន Trump Media & Technology Group ក្រោមចំណែកភាគហ៊ុនកើនឡើងដល់ចំនួន៥៩% នៅឆ្នាំនេះ។
ជាមួយគ្នានោះ ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក លោក John F. Kennedy ក៏មាននូវទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ ពោលមានចំនួន ១,៣ពាន់លានដុល្លារ ខណៈប្រភពចំណូលដ៏ច្រើនរបស់លោក គឺដោយសារបានកេរ្តិ៍មរតកពីឳពុក គឺលោក Joseph Kennedy ដែលកាលនោះឳពុករបស់លោកបានក្លាយជាអ្នកមានពីការវិនិយោគ និងត្រូវបានតែងតាំងជាប្រធានគណៈកម្មការមូលបត្រអំឡុងឆ្នាំ១៩៣៤ ។
ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីដំបូងបង្អស់របស់សហរដ្ឋអាមេរិកលោក George Washington ក៏មាននូវទ្រព្យសម្បត្តិប្រមាណ ៧០៩លានដុល្លារផងដែរ។ បើតាមអ្នកប្រវត្តិវិទូ Douglas Brinkley បានលើកឡើងដូច្នេះថា៖ “ប្រធានាធិបតីដំបូងបង្អស់របស់ពួកយើង គឺជាអ្នកមាន ហើយគាត់មាននូវអចលនទ្រព្យជាច្រើនកន្លែង”។ យ៉ាងណាម៉ិញ អ្នកប្រវត្តិវិទូខ្លះទៀត លើកឡើងថា៖ “លោក Washington ទទួលបាននូវទ្រព្យសម្បត្តិដ៏ច្រើនដូច្នេះ គឺមកពីការធ្វើកសិកម្មដាំដុះពោត ហើយយកវាធ្វើស្រា Whiskey”។
ដោយឡែក ប្រធានធិបតីទីពីររបស់សហរដ្ឋអាមេរិកវិញ លោក Thomas Jefferson ក៏មាននូវទ្រព្យសម្បត្តិចំនួន ២៨៦លានដុល្លារ ដោយទ្រព្យដែលលោកកាន់កាប់ភាគច្រើន គឺបានមកពីដីកេរ្តិ៍អាករឳពុក ក្រោយឳពុកខ្លួនបានចែកឋានទៅ នៅអំឡុងដែលខ្លួនទើបតែមានអាយុ ១៤ឆ្នាំ។
ជាមួយគ្នា ប្រធានាធិបតីទី២៦ របស់សហរដ្ឋអាមេរិកលោក Theodore Roosevelt មានទ្រព្យសម្បត្តិប្រមាណ ១៦៩លានដុល្លារ។ លោកមានដើមកំណើតក្នុងគ្រួសារអភិជន និងមានបំផុតក្នុងទីក្រុង New York ខណៈទ្រព្យសម្បត្តិរបស់លោកគឺទទួលបានពីកេរ្តិ៍មរតកគ្រួសារ។ ជាពិសេសនោះ បងប្អូនជីដូនមួយរបស់ខ្លួនគឺលោក Franklin Delano Roosevelt ក៏ជាប្រធានាធិបតីទី៣២ របស់សហរដ្ឋអាមេរិកផងដែរ៕