នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អគារសាលាបឋមសិក្សា របងក្លោងទ្វារ និងអគារសម្រាកព្យាបាលជំងឺ តម្លៃប្រមាណ ២០ម៉ឺនដុល្លារ ដែលជាអំណោយរបស់ លោកអ្នកឧកញ៉ា ទ្រី ភាព និងភរិយា នៅក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
តាមក្រុមហ៊ុន ទ្រី ភាព គ្រុប បានឱ្យដឹងថា សមិទ្ធិផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើរួមមាន៖ ១.អគារសិក្សា ០១ខ្នង សាងសង់ពីបេតុងអាម៉េ មាន០៥បន្ទប់ មានបំពាក់នូវឧបករណ៍ និងសម្ភារៈសិក្សារួចជាស្រេចដូចជា តុសិក្សា ក្ដារខៀន (ធ្វើពីកញ្ចក់) និងកង្ហារជាដើម ដែលអាចដាក់សិស្សបានចំនួន ២៤០ នាក់ សម្រាប់ ០១វេន។ ២.ក្លោងទ្វារ និងរបង ០១ខ្សែប្រវែង ១៨៥ម៉ែត្រ និង ៣.អគារសម្រាកព្យាបាលជំងឺ ០១ខ្នង សាងសង់ពីបេតុងអាម៉េ មានបន្ទប់សម្រាកព្យាបាល ០៨បន្ទប់ ដែលអាចដាក់អ្នកជំងឺបានចំនួន២៤នាក់ បន្ទប់គ្រូពេទ្យ ០១បន្ទប់ និងបន្ទប់ទឹក ០៥ បន្ទប់។
សូមបញ្ជាក់ជូនផងដែរថា សមិទ្ធិផលអាគារសាលាបឋមសិក្សា របង-ខ្លោងទ្វារ ព្រមទាំងឧបករណ៍ និងសម្ភារៈសិក្សាក្នុងថ្នាក់រៀនគឺជាអំណោយដ៏ថ្លៃថ្លារបស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។
ចំណែកឯអគារសម្រាកព្យាបាលវិញ គឺជាអំណោយដ៏ថ្លៃថ្លារួមគ្នារបស់ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ជា ខេង ព្រមទាំងលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលសមិទ្ធិផលទាំងប៉ុន្មានខាងលើមានចំណាយថវិកាអស់ប្រមាណ ២០០.០០០ ដុល្លារអាមេរិក។
សូមជម្រាបថា ក្នុងឱកាសសម្ពោធសមិទ្ធផលថ្មីនេះដែរ លោក កែវ រតនៈ ក៏បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលអញ្ជើញចូលរួមចំនួនជាង ១.០០០ នាក់ ព្រមទាំងសាលាឃុំថ្មដា និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មដាផងដែរ ដែលអំណោយទាំងនោះ រួមមានដូចជា អង្ករ សារុង សៀវភៅ ប៊ិច និងថវិកាជាដើម ព្រមទាំងចំណាយ ផ្សេងៗទៀតសរុបជាទឹកប្រាក់អស់ប្រមាណជាង ១០០.០០០.០០០រៀល៕