តុលាការ សម្រេចបញ្ជូនសំណុំរឿងទាំង៣ របស់អតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់

ជុំវិញ​ឧកញ៉ា

សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការសម្រេចបញ្ជូនសំណុំរឿងឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតរបស់ អតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ចំនួន ៣សំណុំរឿងគឺ៖ ១.ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, ២.ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង ៣.ពីបទរំលោភលើលំនៅឋានប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញកិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំងពីរខាងលើនេះ ទៅតុលាការជំនុំជម្រះ ហើយតុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខ។ រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាននិងកំពុងត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធីច្បាប់។

គួររំឭកថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយបាញ់សម្លាប់គូដណ្ដឹង២រូប និងបុគ្គលិក២រូបទៀត បានរងរបួស នៅបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់មក លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕