ថៃ ប្រកាសតែងតាំងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម្នាក់ ឲ្យឡើងជាប្រធានធនាគារកណ្តាលថ្មី

អន្តរជាតិ

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថ្មីរបស់ប្រទេសថៃ ខណ:នេះកំពុងបង្ហាញពីសញ្ញាមួយរបស់រដ្ឋាភិបាល ក្នុងការផ្តោតកាន់តែសំខាន់ទៅលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ចំពេលមានការជជែកដេញដោលច្រើនអំពីអត្រាការប្រាក់ និងយុទ្ធសាស្ត្រសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសម្រេចចិត្តជ្រើសរើសយកលោក Kittiratt នេះ ហាក់ឆ្លុះបញ្ចាំងពីចេតនារបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងបន្ថែមទៀតលើធនាគារកណ្តាល ចំពេលមានភាពតានតឹងដែលកំពុងបន្តទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ និងអតិផរណា។

លោក Kittiratt ដែលត្រូវបានគេស្គាល់ថាជាអ្នករិះគន់ទៅលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល និងជាអតីតសមាជិកនៃគណបក្សដែលកំពុងកាន់អំណាចផងនោះ ត្រូវបានជ្រើសរើសឲ្យឡើងធ្វើជាប្រធានថ្មី នៅក្នុងអំឡុងកិច្ចប្រជុំមួយដែលធ្វើឡើងអស់រយ:ពេលជិត ៥ម៉ោងដោយក្រុមជ្រើសរើស កាលពីថ្ងៃចន្ទ។

ទន្ទឹមនឹងនេះ លោក Sathit Limpongpan ប្រធានគណៈកម្មាធិការជ្រើសរើសប្រធានថ្មីនៃធនាគារកណ្តាលថៃ បាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងភ្លាមៗនៅថ្ងៃចន្ទ។ លោកមិនបានបង្ហាញថា អ្នកណាត្រូវបានជ្រើសរើសនោះទេ ប៉ុន្តែលោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា គណៈរដ្ឋមន្ត្រីថៃ និងព្រះមហាក្សត្រថៃ នឹងជាអ្នកដែលត្រូវអនុម័តលើសេចក្តីសម្រេចនេះ។

ជម្រាបជូនថា លោក Kittiratt ធ្លាប់បានរិះគន់ខ្លាំងៗលើអាជ្ញាធររូបិយវត្ថុថៃ ចំពោះការមិនបញ្ចុះអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅពេលដែលលោកនៅបម្រើការងារជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin មុនពេលត្រូវបណ្តេញចេញពីតំណែងកាលពីដើមឆ្នាំនេះ៕