គោលនយោបាយមួយក្នុងចំណោមគោលនយោបាយដែលត្រូវបានប្រកាសដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី គឺដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទាំងស្រុង នៅពេលដែលលោកត្រូវបានគេរំពឹងទុកថានឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខ។
កន្លងមក លោក ត្រាំ ធ្លាប់បានប្រកាសអំពីផែនការចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រួចមកហើយ ខណ:ពិភពលោកទាំងមូលកំពុងរង់ចាំមើលយ៉ាងដិតដល់ថា ប្រធានធិបតីអាមេរិកថ្មីរូបនេះ អាចធ្វើតាមការសន្យាបានដែរឬអត់ ខណ:ព័ត៌មានលម្អិត និងលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាមនេះ ហាក់នៅមិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ឃើញថា ប្រសិនបើការសន្យារបស់លោក ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានពិតមែននោះ វាទំនងជានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសមួយចំនួន ជាពិសេសប្រទេសថៃ។
គួរឲ្យដឹងថា រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសថៃ ហើយប្រសិនបើសង្រ្គាមឈានដល់ទីបញ្ចប់នោះ វាទំនងជាផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដោយវាធ្លាប់បានបង្ហាញពីកំណើនរួចមកហើយនៅមុនសង្គ្រាម។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០២២ (មុនពេលរុស្ស៊ីចាប់ផ្តើមចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២២២) ពាណិជ្ជកម្មរវាងថៃ-រុស្ស៊ី មានតម្លៃសរុបដល់ទៅជាង ៦៤ពាន់លានបាត (ប្រហែល១,៨ពាន់លានដុល្លារ) ជាមួយនឹងការនាំចេញរបស់ប្រទេសថៃមានតម្លៃ ជាង ២០ពាន់លានបាត និងការនាំចូលចំនួនជាង ៤៤ពាន់លានបាត។
លុះដល់ឆ្នាំ២០២៣ ដែលជាឆ្នាំទី២ នៃសង្គ្រាម ពាណិជ្ជកម្មរវាងរុស្ស៊ី និងថៃ បានថយចុះ ១៨,៤% មកនៅត្រឹមជាង ៥២ពាន់លានបាត (ប្រហែល ១,៤ពាន់លានដុល្លារ) ខណ:ការនាំចេញរបស់ប្រទេសថៃ បានកើនឡើង ៤០% ដល់ជាង ២៨ពាន់លានបាត ស្របពេលការនាំចូលធ្លាក់ចុះជាង ៤៥% មកនៅជាង ២៤ពាន់លានបាត។
ដោយឡែក សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៤ នេះ ពាណិជ្ជកម្មថៃ-រុស្ស៊ី មានតម្លៃសរុបជាង ៤២ពាន់លានបាត កើនឡើង ១៥% ។ ការនាំចេញរបស់ប្រទេសថៃ មានចំនួន ជាង ២១ពាន់លានបាត កើនឡើង ១៤,៩% នៅពេលដែលការនាំចូលមានចំនួនជាង ២០ពាន់លានបាត កើនឡើង ១៥% ។
ជម្រាបជូនថា នេះអាចជាភស្តុតាងមួយដែលថាពាណិជ្ជកម្មរវាងថៃនិងរុស្ស៊ី បានចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលជិតបីឆ្នាំនៃសង្គ្រាម។ ហើយប្រសិនបើសង្គ្រាមរវាងរុស្ស៊ី ជាមួយអ៊ុយក្រែន ត្រូវបានបញ្ចប់មែននោះ វាច្បាស់ជានាំឲ្យមានការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត៕