អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រោយរកឃើញភស្តុតាងយកប្រាក់ចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នៅព្រឹកថ្ងៃអង្គារនេះតែម្តង។
ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ។
សូមជម្រាបថា លោក ឡាយ វិសិដ្ឋ គឺជាអតីតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ លោកបានទទួលការតែងតាំងជា អភិបាលរងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៕