ក្រសួងកសិកម្មរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានកំណត់គោលដៅក្នុងការធ្វើឲ្យប្រទេសរបស់ខ្លួន ក្លាយជាកន្លែងផលិតប្រេងដូងធំបំផុតរបស់ពិភពលោក នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូណេស៊ី ANTARA បានរាយការណ៍ឲ្យដឹងទៀតថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Sudaryono បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមានគោលដៅ ដើម្បីទទួលបានសមត្ថភាពក្នុងការកំណត់តម្លៃប្រេងដូងកសល ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ដើម្បីសម្រេចបាននូវចំណុចនេះ លោកបានជំរុញឱ្យកសិករ និងសហគ្រិនប្រេងដូង ចាត់ទុកចម្ការដូងប្រេងរបស់ឥណ្ឌូណេស៊ី ជាតំបន់កសិកម្មអាទិភាពខ្ពស់ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ លោក Sudaryono ក៏បានកត់សម្គាល់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី មានបច្ចេកវិទ្យាទំនើបដែលត្រូវការរួចហើយ ក្នុងការផលិតគ្រាប់ដូងប្រេងដែលមានគុណភាពខ្ពស់ ដើម្បីលក់ចេញទៅលើទីផ្សារអន្តរជាតិ។
ប្រទេសឥណ្ឌូណេស៊ី អាចវាយតម្លៃភាពសមស្របនៃគ្រាប់ពូជសម្រាប់ដាំ មុនពេលវាចេញជាពន្លក ដែលជាកត្តាដ៏សំខាន់ក្នុងការកំណត់ស្តង់ដារ សម្រាប់គ្រាប់ពូជដូងប្រេងឥណ្ឌូណេស៊ី។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានបន្ថែមឲ្យដឹងទៀតថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានគណនាយ៉ាងយកចិត្តទុកដាក់បំផុតថា តើប្រេងដូងប៉ុន្មានដែលត្រូវនាំចេញ និងចំនួនប៉ុន្មានដែលត្រូវបែងចែកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដើម្បីអាចធានាបានថាទំនិញទាំងនោះនឹងចូលរួមចំណែកយ៉ាងធំធេង ដល់សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី៕