ទោះមានឈ្មោះជាតារាល្បី មានប្រាក់វាល់លាន តែតារាសម្តែងហុងកុងរូបនេះ នៅតែប្រើ Nokia ស៊េរីចាស់មិនខ្ចីដូរ

អន្តរជាតិ

តារាសម្តែងហុងកុងលោក Chow Yun Fat បានប្រាប់ថា លោកជាមនុស្សម្នាក់មិនចូលចិត្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងមិនដែលបានតាមដានព័ត៌មានកើតឡើងនៅលើបណ្តាញសង្គមនោះដែរ ក៏ព្រោះតែលោកនៅប្រើប្រាស់ទូរសព្ទ Nokia ស៊េរីចាស់ដែលមិនប្រើប្រាស់អ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តារាសម្តែងវ័យ ៦៩ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងហុងកុងកាលពីល្ងាចថ្ងៃអង្គារ ដោយចូលរួមជាមួយតារារ៉េបកូរ៉េខាងត្បូងរួមមាន G-Dragon តារាសម្តែង Carina Lau និងតារាសម្តែង Stephen Fung ។ លោក Chow Yun Fat បាននិយាយថា លោកបានឃើញ G-Dragon លើកចុងក្រោយនៅក្នុងកម្មវិធី MAMA music Awards 2016 ហើយបាននិយាយលេងសើចថា៖ “ខ្ញុំនឹងត្រូវថតរូបជាមួយគាត់នៅថ្ងៃនេះ”។ នៅពេលដែលអ្នកសារព័ត៌មាន សួរថានឹងបង្ហោះរូបជាមួយគាត់នៅលើបណ្តាញសង្គមទេ? លោក Chow ឆ្លើយតបថា៖ “ខ្ញុំមិនមានគណនី Instagram ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនោះទេ ព្រោះខ្លួននៅប្រើទូរសព្ទ Nokia ចាស់នៅឡើយ”។

លោក Chow ហាក់ចាប់អារម្មណ៍រស់នៅក្នុងជីវិតបែបសាមញ្ញ ហើយចៀសឆ្ងាយពីការលេចចេញព័ត៌មានបង្ហាញពីសកម្មភាពនៃការរស់នៅផ្ទាល់ខ្លួន។ ទោះបីជាការហាត់ប្រាណក្តី លោក Chow បានបង្ហើបថា ខ្លួនរត់ពី៨ ទៅ១០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ដោយរកកន្លែងណាដែលស្ងាត់ៗ ដើម្បីចៀសវាងការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោក Chow ហាក់ដើរថយក្រោយពីវិស័យសិល្បៈ ដោយបង្ហាញខ្លួនជាសាធារណៈត្រឹមតែម្តងម្កាលប៉ុណ្ណោះ ពេលខ្លះទៀត អ្នកគាំទ្របានឃើញរូបលោកដើរលេង ឬញាំអាហារនៅតាមភោជនីយដ្ឋានក្នុងស្រុក បែបសាមញ្ញៗតែប៉ុណ្ណោះ។

គួរឲ្យដឹងថា លោក Chow ជាតារាសម្តែងដែលចាប់ផ្តើមអាជីពដំបូងជាមួយ TVB ក្នុងឆ្នាំ១៩៧៤ ដោយទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគដូចជា The Bund, The Good, The Bad and The Ugly និង The Yang’s Saga ជាដើម ហើយក្រោយមកលោកបានសំដែងក្នុងខ្សែភាពយន្តល្បីៗដូចជា A Better Tomorrow, Crouching Tiger, Hidden Dragon និង God of Gamblers ខណៈទ្រព្យសម្បត្តិរបស់លោកត្រូវបាន Celebrity Net Worth ប៉ាន់ស្មានថាមានទ្រព្យខ្ទង់ ២០០លានដុល្លារ៕