លោកអ្នកឧកញ៉ា លី ហួរ និងសមាជិកសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមក្នុងពិធីចុះ MOU រវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូប បានអញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុង «ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមឧកញ៉ាកម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវអត្ថប្រយោជន៍ពាក់ព័ន្ធនឹងការផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺនានា ប្រកបដោយគុណភាពខ្ពស់តាមស្ដង់ដាអន្តរជាតិជូនដល់សមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងក្រុមគ្រួសារ។ 

លោកវេជ្ជបណ្ឌិត Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានថ្លែងថា នេះជាកិត្តិយសដ៏ធំធេង ដែលលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបសុទ្ធសឹងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកបដោយអត្ថន័យនេះ ខណៈដែលលោកមានក្តីរំពឹងថា តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងទទួលបាននូវអត្ថប្រយោជន៍ទៅវិញទៅមកជាពិសេសលើការថែទាំសុខុមាលភាព។

ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិក ទាំងអស់របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដោយមានយកចិត្តទុកដាក់ ជាទីបំផុតក្នុងការផ្តល់ និងបម្រើសេវាសុខាភិបាលកម្រិតស្តង់ដាអន្តរជាតិ ព្រមទាំងគុណភាពខ្ពស់ដល់អ្នកជំងឺជាតិ និងអន្តរជាតិនៅកម្ពុជា។

សូមជម្រាបជូនថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ គឺជាមន្ទីរពេទ្យក្នុងស្រុកមួយដែលបាននិងកំពុងប្រើប្រាស់ឧបករណ៍ ក៏ដូចជាបរិក្ខារពេទ្យទំនើបៗទាន់សម័យ ដែលមានគុណភាពស្តង់ដាអន្តរជាតិ សេវាកម្មសម្បូរបែប និងមានតម្លៃសមរម្យ ជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសុខាភិបាល។ ប្រជាពលរដ្ឋកម្ពុជាអាចធ្វើការកាត់បន្ថយចំណាយផ្សេងៗព្រមទាំងថវិកា និងពេលវេលាក្នុងការចេញទៅព្យាបាលនៅឯក្រៅប្រទេស ដែលទាំងអស់នេះគឺជាការគិតគូរមួយរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ជាពិសេស ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការផ្តល់សេវាកម្មដែលមានជម្រើសច្រើន និងគុណភាពសុខាភិបាលកាន់តែប្រសើរដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕