កម្ពុជានៅរក្សាចំណាត់ថ្នាក់លេខ២លើពិភពលោក លើការផលិតគ្រាប់ចន្ទីឆៅ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ប្រទេសកម្ពុជា រហូតមកដល់ពេលនេះ នៅតែរក្សាបានចំណាត់ថ្នាក់លេខ២ក្នុងពិភពលោកបន្ទាប់ពីប្រទេសកូឌីវ័រ លើការផលិតគ្រាប់ចន្ទីឆៅដោយបរិមាណផលិតបានដល់ទៅជាង៨០ម៉ឺនតោន។នេះបើតាមការឱ្យដឹងរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នាថ្ងៃ១៣ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកប្រធានសមាគមបានឱ្យដឹងទៀតថា៖គិតត្រឹមរយៈពេល ១០ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១១១០ លានដុល្លា (១ ពាន់ ១១០ លានដុល្លារ) កើន ៣១% ខណៈតម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

ទាក់ទងនឹងការកែច្នៃស្វាយចន្ទី លោក អួន ស៊ីឡុត បានលើកឡើងថា៖ការផលិតគ្រាប់ចន្ទីឆៅនៅកម្ពុជាមានការកើនឡើង តែការកែច្នៃចន្ទី ហាក់ដូចជាថយចុះនិងនៅតែមានកម្រិតដដែល ដោយសារសហគ្រាសក្នុងស្រុកខ្វះទុនបង្វិលដើម្បីទិញគ្រាប់ស្តុកទុកកែច្នៃ។សម្រាប់ឆ្នាំ២០២៤ ថយចុះ តែនៅឆ្នាំ២០២៥ លោកសង្ឃឹមថា ការកែច្នៃចន្ទីនឹងកើនឡើង ខណៈដែលរោងចក្រស្វាយចន្ទីធំៗនិងក្រុមហ៊ុនកែច្នៃមួយចំនួនចាប់ផ្តើមដំណើរការ ដែលយើងអាចផលិតនាំចេញលើសពី១០ភាគរយនៅឆ្នាំ២០២៥។

កម្ពុជាមានគោលបំណងជំរុញផលិតកម្មគ្រាប់ស្វាយចន្ទី និងអភិវឌ្ឍរោងចក្រកែច្នៃ ព្រមទាំងធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ។ ជាមួយគ្នានេះ កម្ពុជារំពឹងថាសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនឹងកើនឡើងពី ៥ ភាគរយទៅ ២៥ ភាគរយនៅឆ្នាំ ២០២៧ និងប្រហែល ៥០ ភាគរយនៅឆ្នាំ ២០៣២៕