ក្រុមហ៊ុន 7-Eleven សម្រេចបិទហាងទាំងអស់នៅអ៊ីស្រាអែល ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង

អន្តរជាតិ

ក្រុមហ៊ុនលក់ទំនិញរាយខ្នាតយក្សរបស់ជប៉ុន Seven & i Holdings កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា បានសម្រេចបិទហាង 7-Eleven ទាំងប្រាំបីរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល ខណៈពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានបង្កើនហានិភ័យទៅលើការបន្តអាជីវកម្មរបស់ខ្លួននៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Dyodo News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា Seven & i Holdings ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនជប៉ុនដំបូងគេ ដែលបានប្រកាសបិទហាងរបស់ខ្លួនទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ីស្រាអែល ពោលគឺចាប់តាំងពីមានជម្លោះអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងក្នុងខែតុលាឆ្នាំមុនមក។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវឥណទាន Teikoku Databank Ltd។

Seven & i បានបើកហាង 7-Eleven ដំបូងរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល នៅទីក្រុង Tel Aviv កាលពីខែមករា ឆ្នាំមុន ដោយសហការជាមួយក្រុមអាមេរិក ខណ:អំឡុងពេលនោះពួកគេ បង្ហាញពីផែនការក្នុងការពង្រីកនៅទូទាំងប្រទេស ក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំខាងមុខ។

ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែមិនអាចទ្រាំទ្រទៅនឹងស្ថានភាពអាជីវកម្មដ៏លំបាក ក្រោយការផ្ទុះឡើងនៃសង្គ្រាមនេះ Seven & i បានសម្រេចបិទហាងរបស់ខ្លួននៅអ៊ីស្រាអែលទាំងស្រុង នៅចុងខែកក្កដា ខណ:ពេលដែលបុគ្គលិកជប៉ុនទាំងអស់ ត្រូវបានរាយការណ៍ថាបានចាកចេញពីប្រទេសនេះរួចអស់ហើយ ផងដែរ។

ជម្រាបជូនផងដែរថា គិតត្រឹមដំណាច់ខែសីហាឆ្នាំនេះ Seven & i បានដំណើរការហាង 7-Eleven សរុបចំនួន ៨៤ ០០០ កន្លែង នៅក្នុងប្រទេសទាំង ១៩ រួមទាំងនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕