អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក។ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោក កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើបទបង្ហាញពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ថាមានកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។
ជាក់ស្តែង លោកថា រវាងខែមករា-តុលា ឆ្នាំ ២០២៣ ក.អ.ក. បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង៤ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងារចំនួន ២៦០,៤៧០កន្លែង ខណៈរយៈពេល ១០ខែ ឆ្នាំ២០២៤កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងាររហូតដល់ ២៦៨,២៤២កន្លែង។
គួរបញ្ជាក់ដែរថា តាមរយៈសិក្ខាសាលាខាងលើ មន្រ្តីជាន់ខ្ពស់ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបញ្ជ្រាបព័ត៌មានជូនដល់វិនិយោគិនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាពបើកចំហរនៃរបបវិនិយោគ ការធានានិងការការពារវិនិយោគ ព្រមទាំងរបបលើកទឹកចិត្តដ៏ទូលំទូលាយ ចំពោះវិស័យ និងសកម្មភាពវិនិយោគ ជាច្រើន ដោយមានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់នូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់ខាងលើ ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន,ទីផ្សាតំបន់អាសិប, ទីផ្សាប្រទេសកូរ៉េខាងត្បូង, ទីផ្សាប្រទេសចិន និង ទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិនអាចនាំចេញនូវផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សាទាំងនេះដោយអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថែមទៀត៕ អត្ថបទ៖ ហ្សាលីន