សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់ ខណៈសេចក្តីព្រាងច្បាប់នេះ ត្រូវបានរំពឹងថា នឹងធានាដល់ការគ្រប់គ្រងអភិវឌ្ឍ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
យោងតាមលទ្ធផល នៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៧ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាទាំង៥៦រូប បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងទៀតថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវសុខមាលភាពសាធារណៈ នៅក្នុងកម្ពុជា។
កន្លងមករាជរដ្ឋាភិបាលបានកំណត់បញ្ហាទឹកស្អាត និងអនាម័យ ជាបញ្ហាអទិភាព ដោយ បានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានទឹក ស្អាតនិងអនាម័យ តាមរយៈការរៀបចំផែនការមេ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ការគាំទ្រការអភិវឌ្ឍ និងការផ្តោតជាសំខាន់លើប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ការកែច្នៃ ឡើងវិញ ការពង្រឹងយន្តការតាមដាន និងការកាត់បន្ថយការបំពុលទឹក ដែលផ្តល់អត្ថប្រយោជន ដល់ប្រជាពលរដ្ឋទាំងអស់ និងការការពារធនធានធម្មជាតិរបស់ប្រទេសសម្រាប់មនុស្សជំនាន់ក្រោយ។
ជាងនេះទៅទៀត ដើម្បីសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានកំណត់ទិសដៅ ហើយប្តេជ្ញាដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការបង្ហូរទឹក កខ្វក់ ដែលមិនទាន់ធ្វើប្រព្រឹត្តកម្ម ឬបានធ្វើប្រព្រឹត្តកម្ម ប៉ុន្តែមិនទាន់បានត្រឹមត្រូវល្អ ហើយបង្ហូរ ចូលក្នុងតំបន់ទឹកសាធារណៈ ជាអាទិ៍៖ សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យសម្រេចបាន៥០% ត្រឹមឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។នេះបើតាមការបញ្ជាក់បន្ថែមពី ព្រឹទ្ធសភាកម្ពុជា។
សូមរម្លឹកដែរថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ១៦ជំពូក និង១១៣មាត្រា ត្រូវបានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧៕