ឆ្លងការប្រកួត២ថ្ងៃ! ទូកលោកអ្នកឧកញ៉ា ទ្រី ភាព ជាប់ចំណាត់ថ្នាក់ Top5 តាមប្រកៀកនឹងទូក «នរិន្ទរង្សីពិជ័យចិត្របុត្រ»

ជុំវិញ​ឧកញ៉ា

ក្រោយឆ្លងកាត់ការប្រកួតប្រណាំងទូកដ៏ស្វិតស្វាញរយៈពេល២ថ្ងៃ កន្លងមកនេះ អ្នកគាំទ្រជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើទូក “គូពិសេស” ល្បីៗ ពិសេសគឺទូកខ្លាំងលំដាប់កំពូលទាំង៥ (Top 5) រួមទាំងទូកឈ្មោះ “រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង” របស់លោកអ្នកឧកញ៉ា ទ្រី ភាព ស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកំពុងឈរចំណាត់ថ្នាក់លេខ ៥ បណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមលទ្ធផលបណ្តោះអាសន្ន នៃការប្រកួតប្រណាំងទូក “គូពិសេស” រយៈពេល២ថ្ងៃ នៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ ឃើញថា ទូកឈ្មោះ “សារាយតេជោសែនជ័យ” មកពីខេត្តកណ្តាល របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងឈរលេខ១ កំពូលតារាង តាមពីក្រោយដោយទូកឈ្មោះ “តេជោកែវវិជ័យបារមីចៅសែន” មកពីខេត្តពោធិ៍សាត់ របស់ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា។

រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ “សារ៉ាតសែនជ័យបារមីអន្លង់ស” មកពីខេត្តព្រៃវែង របស់ឯកឧត្តម ស្បោង សារ៉ាត និងចំណាត់ថ្នាក់លេខ៤ បានទៅលើទូកឈ្មោះ “នរិន្ទរង្សីពិជ័យចិត្របុត្រ” មកពីខេត្តបាត់ដំបង របស់សម្តេចក្រឡាហោម ស ខេង។ ចំណែកឯទូកឈ្មោះ “រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង” មកពីខេត្តពោធិ៍សាត់ របស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមចំណាត់ថ្នាក់ទូកសរុប ១២៦។

សូមជម្រាបថា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៤នេះ ទូកដែលឧបត្ថម្ភដោយ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង មានចំនួន ៣គ្រឿង បានមកចូលរួមប្រណាំងនៅថ្នាក់ជាតិ ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះទូកពីរទៀតឈ្មោះ “ទ្រីភាពឧត្តមសែនជ័យបារមីទេពី” មកពីខេត្តកំពង់ឆ្នាំង កំពុងឈរលេខ ១៤ និងទូកឈ្មោះ “ទ្រីភាពសែនជ័យបារមីតេជោ” មកពីខេត្តកណ្តាល កំពុងឈរចំណាត់ថ្នាក់លេខ ៦៩ បណ្តោះអាសន្នផងដែរ៕