ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ បានមកទស្សនាពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ មាន ប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ បានមកទស្សនា និងកម្សាន្តនៅក្នុងពិធីនេះនារាជធានីភ្នំពេញ។នេះបើយើងតាមនាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូក នៅមាត់ទន្លេផងការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ដើរលេងកំសាន្តសប្បាយប្រកបដោយទឹកមុខរីករាយក្រោមម្លប់នៃសន្តិភាព។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ។ ប្រភពដដែលបញ្ជាក់ថា សម្រាប់ថ្ងៃទី១ មានអ្នកចូលរួម ទស្សនាកម្សាន្ត ជាង១លាន១សែននាក់, ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់ ។

លោកស្រីអ្នកនាំពាក្យ បានបន្តថា ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយវិញ មានការការពាររក្សាសន្តិសុខសុវត្ថិភាព ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង៕