អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកំណើនសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

អូស្ត្រាលីកំពុងគាំទ្រដល់ប្រទេសកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា កម្មវិធី CAPRED រួមចំណែកដល់គោលដៅសំខាន់ៗក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី។

អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយដែលបានទទួលការយល់ព្រមលើផែនការអនុវត្តកម្មវិធី CAPRED សម្រាប់ឆ្នាំខាងមុខ ពីដៃគូអភិបាលកិច្ចកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការគាំទ្រនេះត្រូវបានធ្វើជាផ្លូវការ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំកម្មវិធី CAPRED លើកទីពីរ ដែលដឹកនាំដោយលោក Andreas Zurbrugg ប្រធានផ្នែកសហប្រតិបត្តិការនៅស្ថានទូតអូស្ត្រាលី និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គូសបញ្ជាក់ថា តាមរយៈ កម្មវិធីCAPRED អូស្ត្រាលី និងកម្ពុជានឹងបន្តសហការលើសកម្មភាពអាទិភាពលើវិស័យកសិកម្ម កសិ-កែច្នៃ ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍសហគ្រាស ទឹកស្អាត និងថាមពល ភាពធន់នឹងអាកាសធាតុ គោលនយោបាយ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន (GEDSI)។

សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ ក៏កំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវ «កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)» ដែលកម្មវិធីនេះ មានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្រ្តាលី (ត្រូវនឹងប្រមាណ៦៥លានដុល្លារអាម៉េរិក)។ កិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា៕