មេធំ Telegram បង្ហើបថាធ្លាប់បរិច្ចាគមេជីវិត ដើម្បីផ្តល់កំណើតដល់កូនជាង ១០០នាក់ ក្នុងប្រទេស ១២ ផ្សេងគ្នា

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុនផ្ញើសារដ៏ល្បីល្បាញ Telegram លោក Pavel Durov បានបង្ហើបឲ្យដឹងថា លោកបានបរិច្ចាគមេជីវិតឈ្មោលរបស់ខ្លួនដោយឥតគិតថ្លៃដល់ស្ត្រីដែលចង់មានកូន តាមរយៈវិធី In Vitro Fertilization (IVF) ដែលជាការបង្ករកំណើតខាងក្រៅផ្ទៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែកក្កដាឆ្នាំនេះ លោក Durov បានអះអាងថា គាត់ពិតជាបានផ្តល់កំណើត និងមានកូនជាង ១០០ នាក់​ នៅក្នុងប្រទេសដល់ទៅ ១២ ផ្សេងគ្នា តាមរយ:ការបរិច្ចាគមេជីវិតឈ្មោលរបស់ខ្លួន។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីជនជាតិរុស្ស៊ីរូបនេះ ក៏បានផ្តល់ជូនផងដែរនូវសេវាបង្ករកំណើត IVF ដោយឥតគិតថ្លៃ សម្រាប់ស្រ្តីដែលចង់បានមេជីវិតរបស់ខ្លួន តាមរយ:ភាពជាដៃគូជាមួយគ្លីនិក Altravita ផងដែរ។

ទន្ទឹមនឹងនេះ គេហទំព័រផ្លូវការរបស់គ្លីនិក Altravita បានសរសេរថា ៖“យើងរីករាយក្នុងការផ្តល់ជូនអ្នកនូវឱកាសពិសេសមួយ! មានតែនៅក្នុងគ្លីនិករបស់យើងទេដែលអ្នកអាចធ្វើការបង្ករកំណើត IVF ដោយមិនគិតថ្លៃ ដោយប្រើមេជីវិតឈ្មោលរបស់ Pavel Durov ដែលជាសហគ្រិនដ៏ល្បីល្បាញ និងជោគជ័យបំផុតនៅសម័យរបស់យើង”។

គួរឲ្យដឹងផងដែរថា យោងតាមការចេញផ្សាយដោយកាសែតរុស្សី RT សហគ្រិនដ៏ជំនាញផ្នែកព័ត៌មានវិទ្យារូបនេះ បាននិយាយថា លោកបានចាប់ផ្តើមផ្តល់មេជីវិតឈ្មោលតាំងពី ១៥ឆ្នាំ មុនមកម្ល៉េះ នៅពេលដែលមិត្តម្នាក់ បានមករកលោកជាមួយនឹងសំណើដ៏ចម្លែកមួយ។ ​ពួកគេបាន​សុំ​ឲ្យលោក​បរិច្ចាគ​មេ​ជីវិត​ឈ្មោល​នៅ​គ្លីនិក​មួយ​ដើម្បី​ឱ្យ​ពួកគេអាចមានកូនបាន។ ដំបូងលោកអស់សំណើចយ៉ាងខ្លាំង ប៉ុន្តែក្រោយមកទើបដឹងថាពួកគេនិយាយពិតមែន។

មិនតែប៉ុណ្ណោះ លោក Durov បាននិយាយទៀតថា គិតមកដល់ពេលបច្ចុប្បន្នននេះ សកម្មភាពបរិច្ចាគមេជីវិតរបស់លោក បានជួយគូស្វាមីភរិយាឲ្យមានកូនជាង ១០០ នាក់ ក្នុងចំណោម ១២ ប្រទេសផ្សេងទៀត។ ហើយបើទោះបីជាលោកបានឈប់បរិច្ឆាគអស់ពេលជាច្រើនឆ្នាំហើយក៏ដោយ ប៉ុន្តែគ្លីនិកដែលផ្តល់សេវា​បង្ករ​​កំណើត​ IVF យ៉ាងហោចណាស់មួយ នៅតែមានមេជីវិតឈ្មោលរបស់លោក សម្រាប់ប្រើប្រាស់ដល់គ្រួសារដែលចង់មានកូន ផងដែរ៕