CEO ក្រុមហ៊ុន Xiaomi ដើរតាមគន្លងមេធំ Tesla គេងនៅរោងចក្រ ដើម្បីសម្រេចការផលិតរថយន្ត EV ១០មុឺនគ្រឿង

អន្តរជាតិ

ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហាញភាពជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណ:ការផលិតរថយន្ត SU7 ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួន បានឈានដល់ចំនួន ១ សែនគ្រឿង នៅត្រឹមតែរយ:ពេលដ៏ខ្លីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CEOWorld។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ការបង្ហោះសារនៅក្នុងបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ មេធំរបស់ក្រុមហ៊ុន Xiaomi បានចែករំលែករូបភាពមួយកន្លឹកដែលលោកកំពុងគេងនៅលើកម្រាលឥដ្ឋក្នុងរោងចក្រ ដោយបានសរសេរថា៖”អ្នកនិយមលេងអ៊ីនធឺណិត បានជំរុញឲ្យខ្ញុំទៅរោងចក្រដើម្បីពន្លឿនការផលិត។ តាមពិតទៅ ខ្ញុំឧស្សាហ៍ទៅទីនោះញឹកញាប់ណាស់។ ពេលមួយ ខ្ញុំបានទៅដល់រោងចក្រនៅពេលព្រឹកព្រលឹមពេក ហើយបានបន្តគេងនៅកម្រាលឥដ្ឋក្នុងរោងចក្រតែម្តង។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ពេលដែលខ្ញុំភ្ញាក់ឡើង រថយន្តចំនួន ១សែនគ្រឿង ត្រូវបានផលិតបញ្ចប់រួចរាល់ទៅហើយ”។

ទន្ទឹមនឹងនេះ លោក Lei បានកត់សម្គាល់ថា វាចំណាយពេលត្រឹមតែ ២៣០ថ្ងៃប៉ុណ្ណោះ សម្រាប់ Xiaomi នៅក្នុងការផលិតរថយន្តអគ្គិសនីបានក្នុងចំនួនដ៏ច្រើនបែបនេះ ដែលអាចរាប់បានថាជាការផលិតដ៏លឿនបំផុតមួយសម្រាប់ក្រុមហ៊ុនចំណូលថ្មី ដែលទើបចាប់ផ្តើមប្រឡូកចូលនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តរបស់ Lei ក្នុងការគេងនៅរោងចក្រ បានធ្វើឲ្យមានការប្រៀបធៀបគ្នា ទៅនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ដែលធ្លាប់បានបង្ហាញសកម្មភាពស្រដៀងគ្នានេះ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន។

លោក Musk ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសជាមួយ Bloomberg កាលពីឆ្នាំ២០១៨ ថា លោកបានសម្រេចចិត្តទៅរស់នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Tesla នៅរដ្ឋ Fremont និង Nevada អស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ដើម្បីរៀនយល់ពីភាពលំបាករបស់កម្មករនៅក្នុងរោងចក្រ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទៅលើស្មាតហ្វូនរបស់ខ្លួននោះ ថ្មីៗនេះ បានចាប់ផ្តើមហក់ចូលទីផ្សាររថយន្តអគ្គិសនី ជាមួយនឹងការដាក់បង្ហាញម៉ូដែលជាច្រើន រួមទាំង SU7, SU7 Pro, SU7 Max និង SU7 Ultra ខណ:រថយន្តចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនគ្រឿងត្រូវបានលក់ចេញប្រចាំខែ៕