ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto បានបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសខ្លួន ក្នុងការក្លាយជាសមាជិករបស់ BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង ផ្តួចផ្តើមដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ដោយថ្លែងក្នុងវេទិកាធុរកិច្ចឥណ្ឌូណេស៊ី-ប្រេស៊ីល ដែលរៀបចំធ្វើឡើងក្នុងប្រទេសនៅអាមេរិកឡាទីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មេដឹកនាំឥណ្ឌូណេស៊ី បានសម្តែងការប្តេជ្ញាចិត្តក្នុងការក្លាយជាសមាជិកថ្មីនៃក្រុម BRICS ដែលជាផ្នែកនៃយុទ្ធសាស្រ្តដ៏សំខាន់របស់ប្រទេស ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួន។
វេទិកានេះបានប្រមូលផ្តុំដោយអ្នកធុរកិច្ចធំៗរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយក្នុងនោះបានផ្តោតសំខាន់ទាំងនៅក្នុងវិស័យថាមពល ឧស្សាហកម្ម និងសមុទ្រ។
ទន្ទឹមនឹងនេះ លោក Prabowo ក៏បានគូសបញ្ជាក់ពីភាពស្រដៀងគ្នារវាងប្រទេសឥណ្ឌូណេស៊ី និងប្រេស៊ីល ដែលផ្តើមចេញពីធនធានធម្មជាតិ និងចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ពេលអនាគត ដោយនិយាយថា ឥណ្ឌូណេស៊ី នឹងនៅតែបន្តគាំទ្រតួនាទីរបស់ប្រេស៊ីល ក្នុងនាមជាសមាជិកសំខាន់នៃ BRICS ឲ្យកាន់តែមានឥទ្ធិពលលើឆាកពិភពលោក។
មិនតែប៉ុណ្ណោះ លោក Prabowo ក៏បានសង្កត់ធ្ងន់លើឱកាសដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសប្រេស៊ីល ក្នុងវិស័យថាមពល ជាពិសេសក្នុងការអភិវឌ្ឍជីវឥន្ធនៈ និងថាមពលកកើតឡើងវិញ ដោយលោកបាននិយាយថា ឥណ្ឌូណេស៊ីកំពុងស្វែងរកការបង្កើនការប្រើប្រាស់ជីវឥន្ធនៈដល់ ៥០% នៅឆ្នាំ២០២៥ ដោយប្រើប្រាស់ប្រេងដូងដែលជាវត្ថុធាតុដើមដ៏សំខាន់៕