តារាចម្រៀង ២ដួងក្រោមទ្រនំ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បរិច្ចាគថវិកា ២០លានរៀលទិញវ៉ាក់សាំងកូវីដ១៩

កម្សាន្ត

តារាចម្រៀង ខេម ដែលជ្រកក្រោមទ្រនំផលិតកម្មកម្សាន្ត ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់ឧកញ៉ាវ័យក្មេងចិត្តធម៌ ឡេង ណាវ៉ាត្រា បានប្រកាសចូលរួមបរិច្ចាគថវិកា ១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេម បានសរសេរលើហ្វេសបុកថា ក្នុងនាមខ្ញុំបាទជាតារាចម្រៀង( Galaxy navatra) ដែលចេញពីការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា សូមផ្ដល់នូវការ បរិច្ចាកថវិកាជូនចំពោះសម្ដេចតេជោចំនួន ១០ លានរៀលដើម្បីជាការចូលរួមចំណែក ទិញ
វ៉ាក់សាំងជួយទៅដល់សង្គម ចំពោះពុកម៉ែបងប្អូនដែលងាយនិង រងគ្រោះដោយជំងឺកូវីដ19 សូមគោរពជូនពុកម៉ែបងប្អូនឲ្យមានសំណាងល្អ ឆ្លងផុតពីជំងឺដ៏កាចអាក្រក់មួយណា។

ចំណែកតារាចម្រៀងស្រីវ័យក្មេងដ៍ល្បីដែលឆក់យកចិត្តអ្នកគាំទ្របាននាពេលបច្ចុប្បន្នេះ តន់ ចន្ទសីម៉ា ជាតារាស្រីជួរមុខផលិតកម្ម ហ្គាឡាក់ស៊ី នាងបានចូលរួមបរិច្ចាគថវិកា ១០លានរៀល ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ចន្ទសីម៉ា បានសេរសរលើបណ្តាញសង្គមថា នាងខ្ញុំ តន់ ចន្ទសីម៉ា ពិតជាសប្បាយចិត្តនៅពេលបានដឹងពីការប្រកាស របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងជូនប្រជាជនកម្ពុជា នាងខ្ញុំសូមគោរពផ្តល់ជូននូវ ថវិកា ១០លានរៀល តាមដែលនាងខ្ញុំមានលទ្ធភាពធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងជួយដល់បងប្អូនប្រជាជនកម្ពុជា សូមគោរពជូនពរពុកម៉ែបងប្អូន ទទួលបាន សំណាងល្អ សុខសុវត្ថិភាព ទាំងអស់គ្នា។

ការប្រកាសរបស់ ខេម និង តន់ ចន្ទសីម៉ា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក។