លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការទូតសេដ្ឋកិច្ច នៅតែជាមុខព្រួញដ៏សំខាន់ជាងគេ នៃនយោបាយការបរទេសរបស់កម្ពុជា ដើម្បីឈានទៅរកប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
លោកលើកឡើងបែបនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» កាលល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «យុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដើរទៅរកចក្ខុវិស័យ២០៣០ និង២០៥០ មានគោលដៅធំតែមួយគត់ គឺសេដ្ឋកិច្ច ម្លោះហើយនៅក្នុងបរិបទសកល នៅក្នុងបរិបទតំបន់ និងនៅក្នុងបរិបទកម្ពុជា ដែលឱ្យតម្លៃខ្លាំងណាស់ដល់សេដ្ឋកិច្ច ការទូតសេដ្ឋកិច្ច គួរតែជាមុខព្រួញសំខាន់ជាងគេ នៃនយោបាយការបរទេសរបស់កម្ពុជា»។
លោកជឿជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងបរិបទនេះ ដែលបាននិងកំពុងបន្តស្វែងរកនៅលើឆាកតំបន់ និងអន្តរជាតិ តាំងពីខែសីហាឆ្នាំ២០២៣មក គឺប្រយោជន៍សេដ្ឋកិច្ច តាមរយៈការទូតសេដ្ឋកិច្ចដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងន័យនេះ លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ផ្ទះ គួររួបរួមគ្នាផ្សព្វផ្សាយពីមុខមាត់នៃកម្ពុជា ដើម្បីជាផលប្រយោជន៍ដល់ជាតិ និងឱ្យពិភពលោកដឹងថា កម្ពុជាជាប្រទេសមានសន្តិភាព សុខសុវត្ថិភាព និងស្នាមញញឺម ភាពស្លូតបូតការរាក់ទាក់បែបធម្មជាតិរបស់ប្រជាពលរដ្ឋខ្មែរ។
គួរបញ្ជាក់ តាមរយៈការអនុវត្តន៍ការទូតសេដ្ឋកិច្ចនាពេលកន្លងមក ឃើញថា ត្រឹមតែរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ហើយទាំងអស់នេះ ក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា ដែលអាចបង្កើតការងារ បានរហូត២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។នេះបើតាមការបញ្ជាក់បន្ថែមពី លោក តាន់ហ្សង់ ហ្វ្រង់ស័រ ៕ អត្ថបទ៖ ហ្សាលីន