ស្រ្តីទី១ របស់ប្រទេសប្រេស៊ីល ប្រើពាក្យសម្តីប្រមាថមហាសដ្ឋី Elon Musk នៅកណ្តាលកិច្ចប្រជុំអន្តរជាតិ

អន្តរជាតិ

ស្ត្រីទី១ របស់ប្រទេសប្រេស៊ីល​ គឺលោកស្រី Janja Lula da Silva ថ្មីៗនេះ បានប្រើពាក្យសម្តីជេរប្រមាថចំៗទៅលើមហាសេដ្ឋី Elon Musk ដែលជាម្ចាស់បណ្តាញសង្គម X ក្នុងអំឡុងកិច្ចប្រជុំអន្តរជាតិមួយ ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ខណ:ពេលដែលលោកស្រី Janja Lula កំពុងនិយាយពីប្រធានបទគ្រប់គ្រងព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាសង្គម ក្នុងព្រឹត្តិការណ៍ G20 ស្រាប់តែពេលនោះ លោកស្រីត្រូវបានរំខានដោយសំឡេងស៊ីផ្លេរបស់កប៉ាល់ និងបានជំរុញឲ្យលោកស្រី និយាយថាភ្លាមៗនៅកណ្តាលកិច្ចប្រជុំថា “ខ្ញុំគិតថា Elon Musk ជាអ្នកធ្វើវា” មុនពេលបន្ថែមពាក្យជេរទៀតថា “ខ្ញុំមិនខ្លាចអ្នកទេ”។

ជុំវិញការបោះពាក្យសម្តីឌឺដងមកកាន់ខ្លួនបែបនេះ លោក Musk បានបង្ហាញប្រតិកម្មលើបណ្តាញសង្គម X វិញ ដោយការបង្ហោះសារមួយភ្ជាប់ទៅនឹងរូប Emoji សើច ហើយបានបញ្ចេញមតិថា “ពួកគេនឹងចាញ់ការបោះឆ្នោតបន្ទាប់ ជាមិនខាន”។

គួរឲ្យដឹងផងដែរថា កន្លងមក ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានរិះគន់បណ្តាញសង្គម X របស់លោក Musk ដែលបាន​បង្ក​ឲ្យមានព័ត៌មានមិនពិតចែកចាយនៅក្នុងប្រទេសរបស់ខ្លួន ខណ:ពេលដែលលោកបាននិយាយថា “យើងនឹងមិនអាចអនុញ្ញាតឲ្យវេទិកាណាមួយធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើងបានទេ” ។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់ភរិយា លោក Luiz Inacio វិញ ក៏បានធ្វើឲ្យមានប្រតិកម្មតបវិញពីសំណាក់ឥស្សរជនរបស់បក្សប្រឆាំងផងដែរ រួមទាំងអតីតប្រធានាធិបតី Jair Bolsonaro ដែលបានព្រមានថា ការអត្ថាធិប្បាយរបស់លោកស្រី អាចនឹងនាំឲ្យបញ្ហាការទូតសម្រាប់រដ្ឋបាលបច្ចុប្បន្ន។

ជម្រាបជូនផងដែរថា កម្មវិធីបណ្តាញសង្គមរបស់លោក Musk ត្រូវបានបិទនៅក្នុងប្រទេសប្រេស៊ីល អស់រយៈពេលមួយខែក្នុងឆ្នាំនេះ សម្រាប់ការមិនអើពើទៅនឹងបញ្ជារបស់តុលាការ ក្នុងការទប់ស្កាត់គណនីដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងសារ​ញុះញង់​បង្កឲ្យមានការរើសអើង៕