អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស មានការកើនឡើងជាង២០% បើធៀបនឹងឆ្នាំ២០២៣ ខណៈដែលការបញ្ជារទិញក៏មានច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
នៅក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា វិស័យស្បែកជើង និងផលិតផលធ្វើដំណើរ នៅក្នុងឆ្នាំ២០២៤ មានការនាំចេញ ជាង២០% បើធៀបនឹងឆ្នាំ២០២៣ ខណៈការបញ្ជារទិញក៏មានច្រើនគួរឱ្យកត់សម្គាល់។ អ្នកឧកញ៉ាបញ្ជាក់ថា ការបញ្ជារទិញច្រើនបែបនេះ គឺដោយសារតែស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរ ចំណែកឯការបញ្ជារទិញ និងរោងចក្រ មានទំនុកចិត្ដកាន់តែខ្លាំង។
តាមការវិភាគរបស់សមាគម អ្នកឧកញ៉ា បានឱ្យដឹងថានៅក្នុងឆ្នាំ២០២៥ ការបញ្ជារទិញផលិតផលធ្វើដំណើរ និងស្បែកជើងនៅកម្ពុជា នឹងកាន់តែកើនឡើងបន្ថែមទៀត ក្នុងរង្វង់យ៉ាងតិច២០ ទៅ៣០%។
ទន្ទឹមនឹងនោះ តាមរយៈ កម្មវិធីតាំងពិព័រណ៍អន្តរជាតិដែលរៀបចំឡើងដោយបណ្ដាញសហគ្រិនស្រ្តីកម្ពុជា និងមានការជួយគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជានេះ អ្នកឧកញ៉ា លី ឃុនថៃ រំពឹងថា នឹងជួយជំរុញឱ្យវិស័យ វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកបញ្ជាទិញនៅប្រទេសអង់គ្លេស ដែលបានមកចូលរួមប្រមាណជាង១០ក្រុមហ៊ុន។
បើតាមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល១០ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃជាង៤៥.៥ប៊ីលានដុល្លារ ក្នុងនោះការនាំចេញផលិតផលវាយនភណ្ឌមានតម្លៃប្រមាណ ៤០៦លានដុល្លារ កើនឡើង ១៤.៤៧% នាំចេញផលិតផលសម្លៀកបំពាក់ ឈានដល់ជាង៨ប៊ីលានដុល្លារ កើនឡើង២៣.៦៦% និងការនាំចេញស្បែកជើងមានតម្លៃ១.៣ប៊ីលានដុល្លារ កើនឡើង២២.៣៣%៕