កម្ពុជា-ហ្វីលីពីន បើកកិច្ចពិភាក្សាពិនិត្យលទ្ធភាពភ្ជាប់ជើងហោះហើរត្រង់ទ្វេភាគីបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា និងសភាតំណាងរាស្ត្រហ្វីលីពីន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិនិត្យលទ្ធភាពភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



កិច្ចពិភាក្សានេះ គឺធ្វើឡើងរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកប្រធានសភាតំណាងរាស្ត្រហ្វីលីពីន បានបង្ហាញក្តីសោមនស្សរីករាយចំពោះការលូតលាស់នៃទំនាក់ទំនងហ្វីលីពីន-កម្ពុជា និងថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន ដែលជ្រើសរើសមកធ្វើការ និងមកទស្សនាប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ខណៈសម្តេចក៏គូសបញ្ជាក់អំពីសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងផងដែរ។

ក្នុងន័យនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន នាដើមឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

សូមបញ្ជាក់ថា តាមរយៈជំនួបពិភាក្សាខាងលើ កម្ពុជា-ហ្វីលីពីន ក្រៅពីបើកកិច្ចពិភាក្សាលើការពិនិត្យលទ្ធភាពភ្ជាប់ជើងហោះហើរត្រង់បន្ថែមហើយនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហការក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម និងសន្តិសុខស្បៀង វិស័យទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន វិស័យសុខាភិបាល វិស័យការពារជាតិ និងសន្តិសុខជាដើម៕ អត្ថបទ៖ ហ្សាលីន