ក្រុមហ៊ុន BYD ត្រូវបានគេរាយការណ៍ថា កំពុងឆ្ពោះទៅរកការវ៉ាដាច់ក្រុមហ៊ុន Volkswagen ក្នុងនាមជាអ្នកផលិតរថយន្តធំបំផុតរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះ បន្ទាប់ពីការលក់របស់ខ្លួនបានកើនឡើងលើសក្រុមហ៊ុនខ្នាតយក្សរបស់អាល្លឺម៉ង់ សម្រាប់រយ:ពេលត្រឹម ១០ខែដំបូង ក្រោយត្រូវបានជំរុញដោយតម្រូវការខ្ពស់នៃរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានចែកចាយរថយន្តអគ្គិសនី និងរថយន្តប្រភេទកូនកាត់ Hybrid របស់ខ្លួន ចំនួន ២,៩ លានគ្រឿងដល់អតិថិជនទូទាំងពិភពលោកក្នុងឆ្នាំនេះ គិតត្រឹមខែតុលា ពោលគឺបានកើនឡើង ៣៥% បើធៀបនឹងរយ:ពេលដូចគ្នាទៅនឹងឆ្នាំមុន។
យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ CnEVPost បានបង្ហាញឲ្យដឹងទៀតថា ការលក់របស់ក្រុមហ៊ុន BYD ទំនងជាបន្តកើនឡើងដល់ទៅ ៤ លានគ្រឿង នៅឆ្នាំនេះ ជាមួយនឹងកម្មវិធីប្រម៉ូសិនលក់ដំណាច់ឆ្នាំរបស់ខ្លួន ទំនងជាធ្វើឲ្យការលក់កើនឡើង។
ទន្ទឹមនឹងនេះ រោងចក្ររបស់ក្រុមហ៊ុន Volkswagen នៅក្នុងប្រទេសចិន បានចែកចាយរថយន្តអគ្គិសនី និងរថយន្តដើរដោយប្រេងសាំង សរុប ២,២៣ លានគ្រឿង ប៉ុណ្ណោះ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ខណ:កន្លងមកក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ គឺជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសចិន ចាប់តាំងពីខ្លួនបានចូលមកបណ្តាក់ទុនជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក SAIC Motor និង FAW ក្នុងអំឡុងឆ្នាំ១៩៨៤ មក។
ជម្រាបជូនផងដែរថា BYD ក៏វ៉ាដាច់ក្រុមហ៊ុន Tesla ទាក់ទងនឹងបរិមាណលក់ និងប្រាក់ចំណូល ក្នុងត្រីមាសទី៣ ផងដែរ ដោយខ្លួនបានចែកចាយរថយន្តអគ្គិសនីសរុបចំនួន ១,១៣លានគ្រឿង ក្នុងរយៈពេលបីខែចុងក្រោយ ស្របពេល Tesla បានកត់ត្រាចំនួនលក់ត្រឹម ៤៦២ ៨៩០ គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា៕