អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស កាលពីព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហើបពីគម្រោងបង្កើតរីស៊តចំនួន ២កន្លែងទៀត នៅក្នុងតំបន់កោះស្តេច ខេត្តកោះកុង បន្ថែមលើរីស៊តចំនួន ២កន្លែង របស់លោកដែលមានស្រាប់ ដែលនឹងធ្វើឱ្យតំបន់នេះ មានរីស៊តរបស់លោកសរុបដល់ទៅ ៤កន្លែង នាពេលឆាប់ៗនេះ។
អ្នកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក ភ្ជាប់ជាមួយវីដេអូឃ្លីបថា រីស៊តស្រស់ស្អាតចំនួន ០៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង បានមានវត្តមាននៅដែនដីកោះមួយនេះហើយ។ រីស៊តទាំង៤ រួមមាន៖ ១.កោះស្តេចរីស៊ត(Koh Sdach Resort) ២.កោះអភិជនរីស៊ត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីស៊ត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence នឹងមកដល់ឆាប់ៗក្នុងចុងឆ្នាំនេះ។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីស៊តជាង១០កន្លែង ដូចជា ឧទ្យានបោះតង់គីរីរម្យ, រំដួលគីរីរម្យ រីស៊ត, សារ៉ារីស៊ត, Eden Beach Resort, Tube Resort, Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel, Pidoma Resort, កោះស្តេចរីស៊ត និងកោះអភិជនរីស៊ត ដែលទើបបើកទទួលភ្ញៀវជាផ្លូវការ កាលឆ្នាំ២០២៣ ផងដែរ៕