មកដឹងពីចំនួនថវិកា ដែលលោកអ្នកឧកញ៉ា ទ្រី ភាព បានចំណាយឧបត្ថម្ភដល់ទូកទាំង៣ ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានផ្ដល់ការឧបត្ថមដល់ទូក ង ទូកអុំបុរសចំនួន៣ មកពីខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយចំណាយថវិកាសរុបអស់ប្រមាណ ៤៤០លានរៀល (ជិត ១១ម៉ឺនដុល្លារ) ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៤នេះ។ ជាលទ្ធផល ទូកទាំង៣ របស់លោកអ្នកឧកញ៉ា បានទទួលលទ្ធផលជាទីមោទនៈក្នុងចំណោមគូពិសេសទាំង ១២៦ ទូក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការឱ្យដឹងពីក្រុមហ៊ុន ទ្រី ភាព គ្រុប កាលព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហាន់ ស៊ីណាត អគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន អេន័រជី (ខេមបូឌា) ឌីវេឡុបមេន ឯ.ក តំណាងលោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានដឹកនាំក្រុមការងារនាំយកនូវអំណោយបន្ថែមរបស់ លោកអ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា ទៅប្រគល់ជូនកីឡាករ ទូក ង ទូកអុំបុរស នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ទូក ង ទូកអុំបុរសដែលទទួលបានការឧបត្ថមមានដូចខាងក្រោម៖

១. ទូក ង ឈ្មោះ «ទ្រីភាពឧត្តមសែនជ័យបារមីទេពី» មកពីខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់លេខ ១៥ លើផ្នែកល្បឿន និងចំណាត់ថ្នាក់លេខ ០១ លើផ្នែកសោភ័ណភាព។ ទូកនេះទទួលបានការឧបត្ថម្ភនូវ ឈុតខោអាវកីឡាករ ២៧០ ឈុត, អង្ករ ១០ តោន, គ្រឿងឧបភោគបរិភោគ និងប្រាក់លើកទឹកចិត្ត ៩២.០០០.០០០ រៀល សរុបស្មើនឹង ១៥០.០០០.០០០ រៀល។

២. ទូក ង ឈ្មោះ «ទ្រីភាពសែនជ័យបារមីតេជោ» មកពីខេត្តកណ្ដាល ទទួលបានចំណាត់ថ្នាក់លេខ ៦០ លើផ្នែកល្បឿន។ ទូកនេះទទួលបានការឧបត្ថម្ភនូវ ឈុតខោអាវកីឡាករ ២៧០ ឈុត, អង្ករ ១០ តោន, គ្រឿងឧបភោគបរិភោគ និងប្រាក់លើកទឹកចិត្ត ៩២.០០០.០០០ រៀល សរុបស្មើនឹង ១៥០.០០០.០០០ រៀល។

៣. ទូក ង ឈ្មោះ «រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង» បានទទួលចំណាត់ថ្នាក់ លេខ ៦ ដែលជាទូករបស់ឯកឧត្តម ស៊ុយ សែម មកពីខេត្តពោធិ៍សាត់ ទទួលបានការឧបត្ថម្ភ ទាំងស្រុងពីលោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។ ការឧបត្ថម្ភទាំងនេះរួមមាន ឈុតខោអាវកីឡាករ ៣០០ ឈុត និងថវិកា ១០០.០០០.០០០ រៀល សរុបស្មើនឹង ១០៧.២០០.០០០ រៀល។

សូមបញ្ជាក់ថា សរុបការចំណាយការឧបត្ថម្ភដល់កីឡាករទូក ង ទូកអុំបុរសទាំងបី និងការចំណាយផ្សេងៗទៀត សម្រាប់ពិធីប្រណាំងទូក ង ទូកអុំបុរសនេះក្នុងឆ្នាំ ២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព និង លោកជំទាវអ្នកឧកញ៉ា បានចំណាយថវិកាផ្ទាល់ខ្លួនអស់ចំនួន ៤៤០.០០០.០០០ រៀល៕