ក្រុមហ៊ុន Heungkuk Industry ចង់វិនិយោគលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក Lee Kee Yun នាយកក្រុមហ៊ុនជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោក Lee Kee Yun នាយកក្រុមហ៊ុន បានឱ្យដឹងថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជុំវិញរឿងនេះ លោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបង្ហាញឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។
លោកបន្តថា ស្វាយចន្ទីគឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយសារអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយ កម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។
យ៉ាងណាមិញ រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ដល់គម្រោងវិនិយោគថ្មីៗ ហើយទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់រីករាយនឹងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ នៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន។នេះបើតាមការបញ្ជាក់បន្ថែមពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៕ អត្ថបទ៖ហ្សាលីន